(ភ្នំពេញ)៖ លោក Oriol Segura អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានថ្លែងថា ព្រឹត្តិការណ៍លីគកំពូលកម្ពុជាត្រូវបានផ្លាស់ប្ដូររូបមន្តនៅពាក់កណ្ដាលផ្លូវ ដោយសារតែផលវិបាកពីជំងឺកូវីដ១៩ ហើយការរៀបចំថ្មីនេះដែរ មានការបែងចែកយ៉ាងធំរវាង ៦ក្រុម និង ៧ក្រុម។

ជាលទ្ធផល ក្រុមអង្គរថាយហ្គឺរ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ជាបណ្តោះអាសន្នសម្រាប់ជើងទី១។

លោក Segura បានបញ្ជាក់ថា «បច្ចុប្បន្នយើងនឹងត្រូវលេងនៅក្នុងរូបមន្តកាត់បន្ថយក្រុមជាមួយនឹង ៦ក្រុមផ្សេងទៀតដែលនៅក្រោមយើងក្នុងតារាង។ ខ្ញុំតែងតែមានការគោរពចំពោះគ្រប់ការប្រកួត គ្រប់លក្ខខណ្ឌទាំងអស់ ហើយជាពិសេសគឺខ្ញុំមានការគោរពទៅលើគូប្រកួតទាំងអស់ក្នុងអាជីពបាល់ទាត់នេះ»

អង្គរថាយហ្គឺរ នៅសល់ ៦ប្រកួតទៀតមុនបិទរដូវឆ្នាំ២០២០ នេះ។ ដូច្នេះការស្រឡាញ់ ការលះបង់ និងទឹកចិត្តរបស់លោកគឺមានតែខំប្រឹងខ្លាំងឡើងជាងមុន ទោះបីជាមានអ្វីថ្មីក៏ដោយ ត្រូវតែធ្វើឲ្យបានប្រសើរ និងកែប្រែឲ្យបានល្អទៀតផង។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៤ នៃជើងទី២ ក្នុងលីគកម្ពុជា ឆ្នាំ២០២០ អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន ២១ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវនគរបាលជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន ៧ពិន្ទុ នាថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា នៅកីឡដ្ឋាន អេស.អ.យូរ វេលាម៉ោង ១៥៖៣០នាទីរសៀល៕