(អាមេរិក)៖ រដ្ឋអាជ្ញាអាមេរិកបាននិយាយថា តារាភាពយន្តអាសអាភាសល្បីឈ្មោះ លោក Ron Jeremy ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន២០ករណី ទៅលើនារី១៣នាក់ផ្សេងគ្នា ចាប់តាំងពីឆ្នាំ២០០៤ ដល់ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

ជាការកត់សម្គាល់ កាលពីខែមិថុនាកន្លងទៅ តារាសម្តែងវ័យ៦៧ឆ្នាំរូបនេះ ត្រូបានចោទប្រកាន់ថា បានរំលោភសេពសន្ថវៈ ស្ត្រី៣នាក់ និងបៀតបៀនផ្លូវភេទលើស្ត្រីផ្សេងទៀត ដែលត្រូវបង់ប្រាក់ធានាឲ្យតុលាការចំនួន ៦.៦ លានដុល្លារ។

យ៉ាងណាមិញ នៅថ្ងៃច័ន្ទសប្តាហ៍នេះ ករណីថ្មីពាក់ព័ន្ធនឹងតារាសិចរូបនេះ ត្រូវបានប្រកាសបន្ថែម ក្នុងនោះបទរំលោភសេពសន្ថវៈចំនួន០៦ករណី ខណៈ៥ករណីលើនារីពេញវ័យ និង១ករណីទៀតលើនារីអាយុ១៥ឆ្នាំ។

រដ្ឋអាជ្ញាអាមេរិកបាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ការចោទប្រកាន់ថ្មីបន្ថែមទៀត ទៅលើតារាសម្តែង Ron Jeremy គឺមានរយៈពេល១៦ឆ្នាំមកហើយ ដែលអ្នកដាក់ពាក្យបណ្តឹងមកលើតារាសិចរូបនេះ គឺមានវ័យចន្លោះពី១៥ឆ្នាំ ដល់៥៤ឆ្នាំ។

ជនរងគ្រោះជានារីវ័យជំទង់បាននិយាយថា រូបគេត្រូវបានរងការបំពាននៅកន្លែងជប់លៀងមួយ ក្នុងតំបន់ Santa Clarita ចម្ងាយប្រមាណ៥៣គីឡូមែន ពីទីក្រុង Los Angeles។

រដ្ឋអាជ្ញាបានលើកឡើងថា ករណីចុងក្រោយបានកើតឡើងចំពេលពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ នៅពេលដែលលោក Ron Jeremy បានចាប់រំលោភនារីវ័យ២១ឆ្នាំម្នាក់ នៅក្រៅតំបន់ Hollywood និង៦ករណីផ្សេងទៀតបានកើតឡើងនៅក្នុងតំបន់ Hollywood ក្នុងក្លឹបកំសាន្តមួយកន្លែង ។

គួរជម្រាបថា តារាភាពយន្ត Jeremy ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ គឺជាតារាសម្តែងម្នាក់ ក្នុងចំណោមតារាមានឈ្មោះល្បីល្បាញ ប្រចាំវិស័យភាពយន្ត18+។ ចាប់តាំងពីឆ្នាំ១៩៧០ រហូតមក មានខ្សែភាពយន្តច្រើនជាង ២ពាន់ឯណោះ ដែលលោក Jeremy បានចូលរួមសម្តែង។ បច្ចុប្បន្នតារាសម្តែងជើងចាស់រូបនេះ កំពុងរង់ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈជាច្រើនករណី។ មានការលើកឡើងថា ប្រសិនបើមានការផ្តន្ទាទោសតាមការចោទប្រកាន់ទាំងនេះ លោក Ron Jeremy អាចនឹងជាប់ពន្ធនាគារជាង ២៥០ឆ្នាំ ទៅមួយជីវិត៕