(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការជំនុំជំរះជាថ្មី អស់រយៈពេលពេញមួយព្រឹកកាលពីចុងខែកក្កដា ទៅលើសំណុំរឿងទម្លាយរូបអាក្រាតកាយ របស់តារាចម្រៀង វ៉ាន់ នីឡា នៅសាលាឧទ្ធរណ៍រួចមក ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានលើកពេលមកប្រកាសសាលក្រមជាថ្មី ទៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។ ប៉ុន្តែកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានសម្រេចធ្វើការលើកពេល១ខែទៀត ពោលគឺនឹងត្រូវធ្វើការបើកសវនាការ និងជំនុំជំរះជាថ្មីទៀត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះវិញ។

តារាចម្រៀង វ៉ាន់ នីឡា បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រនិច នៅថ្ងៃទី០១ ខែកញ្ញានេះថា សំណុំរឿងរបស់នាង ជាមួយនឹងជនជាប់ចោទ គុយ សិទ្ធិស័ក្តិ ដែលតុលាការបានសម្រេចពីខែមុនថា នឹងប្រកាសនៅថ្ងៃទី៣១ ខែសីហានេះ ត្រូវបានព្រះរាជអាជ្ញានៃសាលាឧទ្ធណ៍ បានលើកពេលទៅប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០វិញ ខណៈដែលមូលហេតុនៃការលើកពេលម្ដងជាពីរដងនេះ គឺនាងពុំបានដឹងនោះឡើយ។

ជាការកត់សម្គាល់ រាល់ពេលបើកសវនាការជំនុំជំរះម្ដងៗ ជនជាប់ចោទ គុយ សិទ្ធិស័ក្តិ មិនដែលបានមកបង្ហាញខ្លួន ក្នុងសវនាការ ឡើយ ពោលគឺមានតែមេធាវីតំណាងមកចូលរួមប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខាងមេធាវីតំណាងរូបនាង បានសួរដេញដោលច្រើន អំពីអង្គហេតុ និងភស្តុតាងមួយចំនួន ហើយអ្វីដែលខាងមេធាវីរបស់នាង សង្កត់ធ្ងន់នោះ គឺទៅលើពេល ដំណើរការក្តីនៅតុលាការកំពូល ខណៈដែលនាងជាដើមបណ្តឹង គឺមិនបានដឹង និងមិនបានទទួលការកោះអញ្ជើញ ឲ្យចូលបំភ្លឺណាមួយទាល់តែសោះ ពីសំណាក់តុលាការកំពូល។

កញ្ញា វ៉ាន់ នីឡា បានបន្តទៀតថា ដូច្នេះព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានសម្រេចលើកពេលជំនុំជំរះ និងប្រកាសសាលក្រមទៅថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលមេធាវីតំណាងរបស់រូបនាង បានស្នើសុំឲ្យរក្សាទុក ការសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យនៅដដែល។

សូមបញ្ជាក់ថា រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។

នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ) តែបើកផ្លូវឲ្យជនជាប់ចោទ ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

អតីតសង្សារ របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលិសពាក់សក្តិ៤កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ៕