(ក្រុងឡុងដ៍)៖ ខ្សែបម្រើក្រុម Aston Villa កីឡាករ Jack Grealish ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ឈុតធំជាលើកដំបូង ក្រោយពេលជាប់ត្រឹមឈុតយុវជន U21 កាលឆ្នាំ២០១៦-២០១៧ ក្រោមការដឹកនាំដោយលោក Gareth Southgate ត្រៀមប្រកួតប្រជែងពានរង្វាន់ Nations League។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

ការកោះហៅ Grealish ត្រូវបានធ្វើឡើង ក្រោយពេលកីឡាករសំខាន់ ២រូបរួមមាន Marcus Rashford កំពុងជួបបញ្ហារបួសកជើង និង Harry Maguire បានដកចេញពីក្រុមតោកំណាចអង់គ្លេស មុនជំនួបទល់នឹងក្រុមអ៊ីស្លង់ និង ដាណឺម៉ាក នៃពានរង្វាន់លីគអឺរ៉ុប Nations League 2020-2021 គ្រាដែលខ្សែបម្រើវ័យ ២៤ឆ្នាំ Grealish ធ្លាប់ជួយក្រុមអង់គ្លេស U21 ឈ្នះពាន Toulon Tournament កាលឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់លោក Gareth Southgate ផងដែរ។

គួររំលឹកផងថា Grealish ធ្លាប់បង្ហាញខ្លួនឲ្យអង់គ្លេស ៧លើកមកហើយ និងរកបាន ២គ្រាប់ ដោយបច្ចុប្បន្នរូបគេកំពុងប្រកបអាជីពជាមួយក្លិប Aston Villa លេងនៅ Premier League ដោយបង្ហាញខ្លួនបាន ១៥៩ប្រកួត និងរកបាន ២៥គ្រាប់៕