(ភ្នំពេញ)៖ ក្លិបបឹងកេតអែហ្វស៊ី បានធ្វើការផ្លាស់ប្ដូរសមាជិកម្នាក់ ដើម្បីត្រៀមការប្រកួតជើងទី២ ពោលគឺខ្សែប្រយុទ្ធ Dzarma Bata ដែលត្រូវបានអតីតក្រុមជើងឯក ៣សម័យនេះ បាននាំយកមកពង្រឹងតំបន់ប្រយុទ្ធ ក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លិបអង្គរថាយហ្គឺរ។

ក្រុមមានមូលដ្ឋាននៅបឹងស្នោរនេះ បានបញ្ជាក់លើបណ្ដាញសង្គមថា ការនាំយកខ្សែប្រយុទ្ធនីហ្សេរីយ៉ាខាងលើមកចូលរួមជាមួយក្រុមនៅជើងទី២ គឺក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបអង្គរថាយហ្គឺរ ដោយ Dzarma Bata នឹងជួយបឹងកេតរហូតចប់រដូវកាលឆ្នាំ២០២០ នេះ។

នេះជាលើកទី២ ហើយដែល Dzarma Bata បានចូលរួមជាមួយក្លិបបឹងកេត ដ្បិតកាលពីលើកទី១ កីឡាករវ័យ ២៧ឆ្នាំរូបនេះធ្លាប់បានជួយក្រុមនាគខៀវនេះ គ្រងតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជាម្ដងកាលពីឆ្នាំ២០១៦៕