(បាត់ដំបង)៖ ភោជនីយដ្ឋានណៃស៍ (Nice Restaurant) បានចាប់ផ្តើមបើកហើយ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានបិទមួយរយ:តាមការណែរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកន្លងមក ដោយសារបញ្ហាផ្ទុះជម្ងឺកូវីដ-១៩ លើពិភពលោក។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង បានជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងការងារឡើងវិញដល់ ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖

*ទី១៖ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មតាមយន្តការច្រកចេញ ចូលតែមួយជាមួយរដ្ឋបាលខេត្ត-ក្រុងបាត់ដំបង។
*ទី២៖ គោរពឲ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួង សុខាភិបាលក្នុងការទប់ស្កាត់ នូវការរីរាលដាលនៃជំងឺកូវីដ-១៩និងវិធានសុវត្តិភាពរបស់ក្រសួងទេសចរណ៍។

លោក សំ សុភឿត ម្ចាស់ភោជនីយដ្ឋានណៃស៍ (Nice Restaurant ) បានឲ្យដឹងថា បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មពីក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យដំណើរការឡើងវិញ ដោយប្រែក្លាយពីខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញ លោកក៏បានសុំច្បាប់អាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ សាលាក្រុងបាត់ដំបងរួចមក។

លោកបានរៀបចំតុបតែងទីកន្លែងស្អាត ប្រកបដោយអនាម័យ ផាសុកភាព មានគម្លាតបុគ្គល គម្លាតសុវត្តិភាពសង្គម មានបន្ទប់ស្គែន២ ម៉ាស៊ីនវាស់កម្តៅ និងទឹកអាល់កុលសម្លាប់មេរោគ សម្រាប់លាងដៃ ជូនភ្ញៀវគ្រប់គ្នា ជាប្រចាំ ពិសេសជាងនេះ គឺបុគ្គលិកបម្រើការនៅទីនោះមានសម្លៀកបំពាក់ស្អាតសមរម្យ មានពាក់ម៉ាស់បម្រើសេវាជូនភ្ញៀវ ដោយរីករាយរាក់ទាក់ផងទៀតដែរ៕