(ភ្នំពេញ)៖ លោក យ៉ុង ជលសា នាយកសាលាអន្តរជាតិផ្លេនីត (Planet International School) សាខាថ្មីនៅច្បារអំពៅ បានអះអាងថា ការវិនិយោគបង្កើតសាលាអន្តរជាតិនេះឡើង គឺដោយសារតែការមើលឃើញឱកាសនៅក្នុងបញ្ហា ខណៈថ្នាក់ដឹកនាំសាលាជឿជាក់ថា ជំងឺកូវីដ១៩ នឹងបញ្ចប់នៅពេលឆាប់ៗនេះ ប៉ុន្ដែសម្រាប់សេវានៃការអប់រំ គឺគ្មានថ្ងៃបញ្ចប់ឡើយ។

នៅក្នុងឱកាសបើកសម្ពោធសាលាអន្តរជាតិ Planet សាខាថ្មីនៅច្បារអំពៅ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក យ៉ុង ជលសា បានបញ្ជាក់ទៀតថា «អ្វីដែលយើង មើលឃើញគឺឃើញអំពីឱកាសនៅក្នុងបញ្ហា មានន័យថា កូវីដអាចបញ្ចប់ នៅថ្ងៃណាមួយឆាប់ៗនេះ ក៏ប៉ុន្តែវិស័យអប់រំ ការអប់រំសម្រាប់កុមារ ការអប់រំសម្រាប់មនុស្សម្នាក់ៗ គឺពេញមួយជីវិត»

លោកបានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩នេះ មានសាលាឯកជនជាច្រើន បានសម្រេចបិទទ្វារបណ្តោះអាសន្ន ពីព្រោះថាមិនអាច ទ្រទ្រង់លើការចំណាយ ដែលគ្មានចំណូល អស់រយៈពេលជិតកន្លះឆ្នាំមកហើយនោះ។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ បែរជាមានសាលាអន្តរជាតិមួយបើកសម្ពោធ សាខាថ្មីមួយទៀត នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យច្បារអំពៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺសាលាអន្តរជាតិផ្លេនីត (Planet International School) ។

លោក យ៉ុង ជលសា បានបន្ថែមថា បើសិនជាវិភាគស្ថានភាពបច្ចុប្បន្ន ឃើញថាសាលាមួយចំនួនដោយសារផលប៉ះពាល់ដ៏ខ្លាំងរបស់កូវីដ-១៩ ធ្វើឲ្យសាលាមួយចំនួន បិទទ្វារ តែសាលាអន្តរជាតិផ្លេនីតបែរជាសម្ពោធ វាផ្ទុយទៅនឹងបរិបទនាពេលបច្ចុប្បន្ននេះ។ ការបើកគម្រោងសាលាអន្តរជាតិផ្លេនីតសាខាច្បារអំពៅនេះ គឺថ្នាក់គ្រប់គ្រង សាលាមានគម្រោងយូរមកហើយ តែនៅពេលទាន់មានឱកាសល្អ សាលាក៏សម្រេចបើកសាខាមួយទៀត ដែលជាសាខាទីនេះតែម្តង។ ដោយមើលឃើញ ពីសារប្រយោជន៍ នៃការបណ្តុះបណ្តាលកុមារតូច អ្នកម្តាយពីរូបបានបញ្ជូនកូនៗ របស់គាត់ មកសិក្សានៅសាលាអន្តរជាតិផ្លេនីតតាំងពីអាយុ៣ឆ្នាំ។

លោក យ៉ុង ជលសា បានគូសបញ្ជាក់ដែរថា បើសាលាអន្តរជាតិផ្លេនីតសាខាច្បារអំពៅថ្មី ដែលជាសាលាទី២នេះ មានដំណើរការល្អប្រសើរនោះ សាលានឹងមានគម្រោង បើកសាខាទី៣បន្តទៀត នារយៈពេល៣ឆ្នាំខាងមុខ។

អ្នកស្រី ដានី បានឲ្យដឹងថា ចាប់តាំងពីបានបញ្ជូនកូនរបស់គាត់មកសិក្សានៅសាលាអន្តរជាតិផ្លេនីតនេះ បានធ្វើឲ្យកូនរបស់គាត់មានការវិវឌ្ឍល្អប្រសើរច្រើន។ កាលមុនកូន គាត់រពឹសច្រើន និយាយអីគាត់អត់ស្តាប់តាមតែចិត្តខ្លួនឯង ដល់ពេលឥឡូវឃើញថា គាត់ចាស់ទុំច្រើន ព្រោះថាជាសាលាមានជំនាញខាងបណ្តុះបណ្តាលកុមារតូច ដែលជាគ្រឹះដ៏សំខាន់សម្រាប់ក្មេង។

អ្នកស្រី ហេង ណារី ដែលជាអាណាព្យាបាលសិស្សមួយរូបទៀត បានឱ្យដឹងដែរថា ការជ្រើសរើសសាលារៀនដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងត្រឹមត្រូវដែលមាន ការទទួលស្គាល់ជាអន្តរជាតិបែបនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតកូន។ សាលាអន្តរជាតិផ្លេនីតនេះមានកម្មវិធីសិក្សាល្អ ដែលយកមកពីសហរដ្ឋអាមេរិក និងមានការទទួលស្គាល់ជាអន្តរជាតិ ហើយតាំងពីគាត់ចូលរៀនសាលាហ្នឹងមក គាត់មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ ជាពិសេសគាត់អាចអនុវត្តនិយាយ ភាសាអង់គ្លេសបានល្អច្រើន។

គួរបញ្ជាក់ថា សាលាអន្តរជាតិ Planet បានបង្កើតឡើងតាំងពីឆ្នាំ២០១៧មក ដោយផ្តោតសំខាន់លើការអប់រំកុមារតូច ដោយកម្មវិធីសិក្សារបស់សាលានេះ គឺជាកម្មវិធី សិក្សារបស់ស្ថាប័ន អាយ ភី ស៊ី របស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នល្បីល្បាញក្នុងការអប់រំ និងមានការទទួលស្គាល់ជាអន្តរជាតិ៕