(ភ្នំពេញ)៖ ទីបំផុតក្រុមជើងឯកពានរង្វាន់ KW Cambodia League រដូវកាលទី៩ ឆ្នាំ២០២០ ត្រូវរង់ចាំអ៊ុតដល់ការប្រកួតសប្ដាហ៍ចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំសប្ដាហ៍ទី១២ មានបេក្ខភាពកំពូលតារាង ២ក្រុម ដែលរក្សាពិន្ទុស្មើគ្នា គឺក្រុម TN Kandal និងក្រុម ISI ដង្កោសែនជ័យ។

ចំពោះក្រុមការពារតំណែងជើងឯក ISI ដង្កោសែនជ័យបានយកឈ្នះក្រុមមហាហង្សអល់ស្ដារ ដោយលទ្ធផល ៤-២ ក្នុងជំនួបសប្ដាហ៍ទី១២ នៅទីលាន KMH Park គ្រាដែលសល់គ្នា ១០នាក់ប៉ុណ្ណោះលើទីលាន។ រីឯក្រុម TN Kandal វិញ បានយកឈ្នះក្រុមពិទូអែហ្វស៊ី ដោយលទ្ធផល ៣-០។

ជ័យជម្នះនេះបានធ្វើឲ្យ TN Kandal និង ISI ដង្កោសែនជ័យរក្សា ៣៣ពិន្ទុស្មើគ្នា តែក្រុម TN Kandal មានប្រៀបជាង ដ្បិតពួកគេ ធ្លាប់យកឈ្នះក្រុមជើងឯកឆ្នាំចាស់កាលពីវគ្គសន្សំពិន្ទុ និងមានគ្រាប់បាល់ចំណេញច្រើនជាង។ បច្ចុប្បន្នក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃដែលទាមទារឈ្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងពាន។

ប្រសិនបើការប្រកួតចុងក្រោយនាថ្ងៃទី០៦ ខែសីហាចុងសប្ដាហ៍នេះ ក្រុមទាំងពីរទទួលបានជ័យជម្នះដូចគ្នា ក្រុមជើងឯក នឹងធ្លាក់ទៅក្រុម TN Kanda ដ្បិតករណីក្រុមទាំងពីរ មានពិន្ទុស្មើគ្នា នឹងត្រូវប្រើរូបមន្ដ Heat-To-Heat (ប្រវត្តិធ្លាប់ជួបគ្នា) កាត់សេចក្ដី បន្ទាប់មកទើបគិតគ្រាប់បាល់ចំណេញ។ ចំពោះប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ TN Kanda ត្រូវជួប Bayon Wanderers និង ISI ជួបក្រុម Riel PP។

ចំណែកក្រុម Riel PP និងក្រុម Khmer United-A សុទ្ធតែបានពង្រឹងកៅអី Top-5 បន្ទាប់ពីរកបាន ៣ពិន្ទុរៀងខ្លួន ក្នុងសប្ដាហ៍ទី១២ ក្នុងនោះ Riel PP ឈ្នះក្រុម Khmer United-B ៦-២ ស្របពេលក្រុម Khmer Unitd-A បានយកឈ្នះក្រុមយុវជនវត្តវ៉ារិន ដោយលទ្ធផល ៣-០ ដើម្បីទទួលបាន ២៨ពិន្ទុស្មើគ្នា។

ដោយឡែកក្រុម Avatar និងក្រុម Bayon Wanderers នៅតែតានតឹង ក្នុងការប្រជែងកៅអី Top-5 ក្រោយរកបាន ៣ពិន្ទុបន្ថែមដូចគ្នាក្នុងនោះ Bayon Wanderers បានយកឈ្នះក្រុមតាំងគោក ៦-២ និងក្រុម Avatar យកឈ្នះក្រុម Sniper ៣-០ ដែលធ្វើឲ្យក្រុមទាំងពីរមាន ២៥ពិន្ទុស្មើគ្នា។ ដូច្នេះក្រុមទាំងពីរក៏ត្រូវការឈ្នះរៀងៗខ្លួនក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ដើម្បីប្រជែងកៅអី Top-5 ដែរ៕