(កូរ៉េ)៖ ជាថ្មីម្តងទៀត តារាចម្រៀងល្បី IU បានធ្វើការងារសប្បុរសធម៌ដ៏គួរឲ្យសរសើរមួយ ត្បិតពេលនេះប្រទេសកំណើតរបស់នាង កំពុងផ្ទុះរលកទី២នៃជំងឺកូវីដ១៩ ខណៈថ្មីៗនេះនាងបានបរិច្ចាគបរិក្ខារចាំបាច់មួយចំនួន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតែប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

ពិតណាស់នៅខែសីហានេះ ប្រទេសកូរ៉េខាងត្បូងបានផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩។ បើយោងតាមសមាគមគិលានុបដ្ឋាកកូរ៉េ បានឲ្យដឹងថា តារាចម្រៀងស្រី IU បានផ្តល់សម្ភារៈពេទ្យប្រមាណ ៤,៦០០ ឈុត ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៨៤,៤១០ដុល្លារ ដែលការបរិច្ចាគគឺធ្វើឡើងតាមរយៈសមាគមមួយនៅប្រទេសកូរ៉េឈ្មោះថា «the Community Chest of Korea»។

សមាគមគិលានុបដ្ឋាកកូរ៉េបាននិយាយថា បរិក្ខារពេទ្យដែលតារាស្រី IU បានបរិច្ចាគ នឹងចែកចាយទៅកាន់កន្លែងវេជ្ជសាស្ត្រនានាក្នុងប្រទេស ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀង IU បានធ្វើសកម្មភាពសប្បុរសធម៌ ដើម្បីជួយជ្រោមជ្រែងដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រឆាំងកូវីដ១៩។ ជាក់ស្តែង កាលពីខែកុម្ភៈ នាងបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ២០០លានវ៉ុន ប្រមាណ ១៦៨,៨២០ដុល្លារ​ ដើម្បីទប់ស្កាត់ក្នុងយុទ្ធនាការនៃជំងឺកូវីដនេះផងដែរ៕