(បរទេស)៖ បើនិយាយអំពីភាពយន្តកំប្លុកកំប្លែងរបស់ពួកបស្ចិមលោក អ្នកណាៗក៏ស្គាល់តាសាក់ឡូដែរ ដែលជាតួកំប្លែងដ៏មានប្រជាប្រិយមួយរូប ដោយគាត់បានប្រើទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការសម្ដែងធ្វើឱ្យគេសើចសប្បាយ ប៉ុន្តែក្នុងជីវិតពិតជាក់ស្ដែងរបស់គាត់មិនគួរឱ្យរីករាយសុខសាន្ត ដូចអ្វីដែលលោកបង្ហាញនៅចំពោះមុខទស្សនិកជននោះឡើយ។

ចង់ដឹងថានៅពីក្រោយឆាកសម្ដែង តើជីវិតពិតរបស់តួកំប្លែង សាក់ឡូ ជួបនូវរឿងកម្សត់វេទនាយ៉ាងណាខ្លះ ហើយលោកមានការតស៊ូជម្នះនឹងទណ្ឌកម្មព្រហ្មលិខិតយ៉ាងដូចម្ដេចនោះ សូមបន្តជ្រាបជាមួយនឹងជីវប្រវត្តិរបស់លោកដូចតទៅ៖

តាសាក់ឡូ គឺជាឈ្មោះដែលប្រជាជនខ្មែរយើងហៅសំដៅលើតួកំប្លែងមួយរូបនៅឯប្រទេសលោកខាងលិច ដែលបុគ្គលរូបនោះមានឈ្មោះផ្លូវការថា ឆាលី ស្ពែនសឺរ ឆាភ្លីន ជូនា (Charles Spencer Chaplin Junior) ឬហៅខ្លីថា ឆាលី ឆាភ្លីន។

ទារកឆាលីត្រូវបានប្រសូត្រឡើងនាថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៨៩ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កាលពីកុមារ ឆាលីរស់ក្នុងគ្រួសារមួយដែលមានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំងបំផុត ខណៈឪពុកម្ដាយរបស់គេមានមុខរបរជាអ្នកចម្រៀង និងជាតារាសម្ដែងនៅក្នុងសាលតន្ត្រីមួយ។ គ្រាន់តែកើតបានប៉ុន្មានឆ្នាំ មិនទាន់ដឹងក្ដីផង ឪពុកម្ដាយរបស់គេក៏បានលែងលះគ្នាទាំងកំហឹង ហើយម្ដាយរបស់ឆាលី គឺអ្នកស្រី ហាន់ណា (Hannah) បានទទួលបន្ទុកចិញ្ចឹមបីបាច់ឆាលី និងបងប្រុសរបស់គេឈ្មោះ ស៉ីដនី (Sydey) ទាំងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងជាងមុន។ ក្រោយពេលលែងលះជាមួយម្ដាយរបស់ឆាលី និងស៉ីដនី ឪពុករបស់ពួកគេមិនដែលជួយផ្គត់ផ្គង់អ្វីបន្តិចនោះឡើយ រីឯអ្នកស្រី ហាន់ណា ក៏ខំត្រដរចិញ្ចឹមបីបាច់កូនទាំងពីរ ដោយមុខរបរដេរប៉ាក់ និងសម្ដែងនៅលើឆាកម្ដងម្កាល ប៉ុន្តែជីវភាពបីនាក់ម្ដាយកូននេះមិនល្អប្រសើរនោះឡើយ។

ស្ថិតក្នុងវ័យកុមារភាព ឆាលី គឺជាក្មេងដែលទន់ខ្សោយម្នាក់ ហើយនៅពេលដែលឆាលីយំម្ដងៗ ម្ដាយរបស់គេតែងតែលួងលោម ដោយឱ្យកូនប្រុសរបស់ខ្លួនមើលទៅសកម្មភាពមនុស្សម្នានៅខាងក្រៅបង្អួច ហើយឱ្យឆាលីសម្ដែងនូវអ្វីទាំងនោះឡើងវិញ ដោយបញ្ចូលនូវទឹកមុខកំប្លុកកំប្លែង។ អ្នកស្រី ហាន់ណា តែងតែលួងលោម និងបង្រៀនកូនៗយ៉ាងដូច្នេះជារឿយ រហូតក្លាយជាទម្លាប់មួយរបស់ឆាលី និងស៉ីដនី និងជាផ្នែកមួយនៃទេពកោសល្យកំប្លែងពីក្មេងរបស់ពួកគេទៅថ្ងៃមុខ។

៥ឆ្នាំកន្លងផុតទៅ សំណើច និងទឹកភ្នែកបានកើតឡើងលាយឡំគ្នាវិលទៅវិឡមក ក្នុងខ្ទមរខេករខាករបស់ស្ត្រីមេម៉ាយកម្សត់កូនពីរ។ មានថ្ងៃមួយនោះ អ្នកស្រី ហាន់ណា បានទៅសម្ដែងនៅក្នុងឆាកតន្ត្រីមួយក្រុងទីក្រុងឡុងដ៍ ដោយនាំឆាលីទៅជាមួយផងដែរ។ ក្នុងពេលសម្ដែងនោះ អ្នកស្រី ហាន់ណា ក៏ស្រាប់តែដួលសន្លប់នៅលើឆាកនោះតែម្ដង។ ឃើញដូច្នោះ ឆាលីដែលមានអាយុទើបតែ៥ឆ្នាំ ក៏បានស្ទុះទៅលើកម្ដាយរបស់ខ្លួនឡើង ហើយពឹងពាក់គេឱ្យជួយនាំម្ដាយរបស់ខ្លួនទៅមន្ទីរពេទ្យ។ ២ឆ្នាំក្រោយមក អ្នកស្រី ហាន់ណា ក៏បានកើតមានជំងឺផ្លូវចិត្ត ខណៈឆាលីវិញមានអាយុតែ៧ឆ្នាំប៉ុណ្ណោះ ហើយអ្នកស្រីក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យវិកលចរិត។ ចំណែកកុមារ ឆាលី និងបងប្រុស ស៉ីដនី ត្រូវបានបញ្ជូនទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយ។ ក្នុងសភាពក្មេងខ្ចីដូចនេះ ពួកគេចេះរៀនថែរក្សាគ្នាទៅវិញទៅមក។

ប៉ុន្មានឆ្នាំក្រោយមក ម្ដាយរបស់ឆាលី និងស៉ីដនី ត្រូវបានគេនាំចេញពីមន្ទីរពេទ្យនោះ ហើយពួកគេក៏បានរស់ជួបជុំគ្នាម្ដងទៀត តែបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយស៉ីដនីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកកប៉ាល់ ក្រោយមកគេក៏បានធ្វើជាអ្នកសម្ដែងនៅលើឆាកវិញ។ ឆាលី ដែលស្និទ្ធស្នាលជាមួយបងប្រុសរបស់គេបំផុតនោះ ក្រោយមកក៏បានដើរតាមផ្លូវចាស់របស់បងប្រុសលោក។

នៅពេលដែលឆាលីអាយុបាន៩ឆ្នាំ គេមានឱកាសបង្ហាញនូវការសម្ដែងជាលើកដំបូងនៅលើឆាកមួយហៅថា The Eight Lancashire Lade ដែលជាកម្មសិទ្ធិរបស់ប្ដីប្រពន្ធចិត្តធម៌ពីរនាក់។ ២ឆ្នាំក្រោយមក ស៉ីដនីបានជួយឆាលីឱ្យដើរតួជាឆ្មាំកំប្លែងមួយរូបនៅក្នុងការសម្ដែងរឿង Cinderella។ វាសនារបស់ពួកគេទាំងពីរបានលូតខ្ពស់យ៉ាងត្រដែត ខណៈឆាលីក៏បានទទួលនូវភាពល្បីល្បាញសុះសាយចំពោះការសម្ដែងនេះ។

ភាពល្បីល្បាញបំផុតរបស់ឆាលីនៅក្នុងឆ្នាំ១៩០៣ ពេលដែលគេបានសម្ដែងជាតួអង្គ Billy ជាក្មេងអ្នករត់កាសែតនៅ Sherlock Holmes។ លោកបានសម្ដែងរបៀបនេះអស់រយៈពេល៣ឆ្នាំ ហើយបានទទួលការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជននៅអង់គ្លេស។ ចាប់ពីពេលនោះមក ឆាលីបានធ្វើដំណើរជាមួយនឹងក្រុមសម្ដែងអស់មួយរយៈ។

នៅគ្រានោះដែរ ម្ដាយរបស់ឆាលីបានធ្លាក់ខ្លួនឈឺម្ដងទៀត ហើយត្រូវបញ្ជូនត្រលប់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺអស់រយៈពេល៧ឆ្នាំទៀត ពោលគឺរហូតដល់ឆាលីមានអាយុ១៦ឆ្នាំ ហើយគេតែងតែរៀនថែរក្សាសុខភាពដោយខ្លួនឯង។

ការងារបន្ទាប់របស់ឆាលី គឺការសម្ដែងសៀកនៅព្រះរាជវាំង Casey។ ពេលនោះ ស៉ីដនី គឺជាអ្នកសម្ដែងមួយរូបនៅក្នុងក្រុមហ៊ុនកំប្លែងស្ងួត Fred Karno Fun Factory។ រីឯឆាលីក៏បានចូលរួមសម្ដែងជាតួអង្គត្លុកមួយរូបផងដែរ ដោយសារតែបងប្រុសរបស់លោកជួយជ្រោមជ្រែង។ ឆាលី ក៏បានក្លាយជាអ្នកសម្ដែងសៀកកំប្លែងមួយរូប ហើយគេធ្វើដំណើរជាក្រុមទៅសម្ដែងនៅសហរដ្ឋអាមេរិកលើកដំបូងក្នុងជីវិត ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ខ្សែភាពយន្តដំបូងរបស់ឆាលី គឺរឿងកំប្លែងដែលមានចំណងជើងថា Making a Living ហើយបានចាក់បញ្ចាំងនៅឆ្នាំ១៩១៤។ ចំពោះប្រាក់កម្រៃ ឆាលីទទួលបាន ១៥០ ដុល្លារក្នុងមួយសប្ដាហ៍ ហើយលោកក៏បានក្លាយទៅជាបុគ្គលដ៏ជោគជ័យមួយរូប។ មិនយូរប៉ុន្មាន ឆាលីក៏ក្លាយទៅជាតម្រូវការដ៏សំខាន់សម្រាប់ផលិតករដទៃទៀត។

ខ្សែភាពយន្តទី២របស់ឆាលី គឺតម្រូវឱ្យលោកដើរតួជាអ្នកសុំទាន។ ភាពយន្តនោះមានចំណងជើងថា Kid Auto Races at Venice។ សម្លៀកបំពាក់ដែលលោកស្លៀកពាក់ គឺខោដាច់រយ៉ៃ មួកជ្រុង អាវចង្អៀត និងស្បែកជើងដ៏ធំមួយគូ គឺជារបស់របរដែលប្រមូលពីក្នុងទូព្យួរខោអាវរបស់លោក។ ពុកមាត់ដ៏តូចដុះឡើងជាសញ្ញា ធ្វើឱ្យគរស្គាល់លោកច្រើនថាជាតារាកំប្លែងមួយរូប។ មានខ្សែភាពយន្តជាច្រើនទៀតដែលធ្វើឱ្យលោកឆាលីកាន់តែមានភាពល្បីល្បាញ។

នៅឆ្នាំ១៩១៥ លោកបានចុះកិច្ចសន្យាជាមួយនឹងផលិតកម្ម Essanay Studios។ ពេលនោះដែរ លោកបានបង្កើនជំនាញផលិតខ្សែភាពយន្តរបស់លោក និងបានសម្ដែងជាតួអង្គគ្រប់បែបយ៉ាង។ ខ្សែភាពយន្តជាច្រើនដែលលោកបានសម្ដែងក្នុងផលិតកម្មនេះ មានដូចជា រឿង His New Job រឿង A Jitney Elopement រឿង The Tramp រឿង A Night in the Show និងរឿង The Immigrant។

មួយឆ្នាំក្រោយមក កិច្ចសន្យារបស់លោកក៏ផុតកុងត្រា រួចបានចុះកិច្ចសន្យាសាជាថ្មីមួយទៀតជាមួយផលិតកម្ម Mutual Film Corporation រឿងកំប្លែងចំនួន ១២ ហើយត្រូវបានផលិតនៅទីនោះ។ នៅក្នុងផលិតកម្មនេះគេបានផ្ដល់សិទ្ធិឱ្យឆាលីនិពន្ធរឿងដោយសេរី ហើយភាពយន្តទាំងនោះបានក្លាយទៅជារឿងកំប្លែង ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត។ នោះជាពេលដែលឆាលីរីករាយបំផុតនៅក្នុងឆាកជីវិត។

ក្រោយជោគជ័យហើយជោគជ័យទៀតនៅលើវិស័យសិល្បៈនេះ នៅឆ្នាំ១៩១៨ ឆាលីបានរៀបការជាមួយនារីវ័យក្មេងម្នាក់ឈ្មោះថា មីលរេដ ហារី (Mildred Harris)។ នៅឆ្នាំ១៩១៩ ជីវិតគ្រួសាររបស់ឆាលី ហាក់មានភាពរីករាយផង លាយឡំនឹងទុក្ខសោកសង្រេងផង ខណៈប្រពន្ធរបស់លោក គឺអ្នកស្រី មីលរេដ បង្កើតបានកូនប្រុសម្នាក់ ប៉ុន្តែជាអកុសលទើបតែកើតបាន ៣ថ្ងៃ ទារកនោះក៏បានស្លាប់ទៅវិញ។ រីឯឆាលីវិញក៏កាន់តែមមាញឹកក្នុងការងារប្រចាំថ្ងៃដែរ ធ្វើឱ្យលោកកាន់តែគ្មានពេលទំនេរសម្រាប់ភរិយារបស់ខ្លួន។ ក្រោយមកអ្នកទាំងពីរក៏បានលែងលះគ្នាទាំងក្ដីជូរចត់ រីឯឆាលីក៏បានចាកចេញពីសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់អឺរ៉ុបវិញ។

នៅទឹកដីអឺរ៉ុប លោកបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ហើយក្រោយមកទៀត លោកបាននាំអ្នកម្ដាយរបស់លោកត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីព្យាបាលជំងឺរបស់គេ។ បន្ទាប់មក លោកក៏បានចាប់ធ្វើការលើវិស័យភាពយន្តខ្នាតវែងមួយចំនួនវិញម្ដង។

នៅឆ្នាំ១៩២៨ ឆាលី បានទទួលនូវមហាកិត្តិយសដ៏ធំធេង គឺពាន់រង្វាន់ អូស្កា សម្រាប់ស្នាដៃរបស់លោក ក្នុងនាមជាអ្នកដឹកនាំ អ្នកសម្ដែង និងផលិតករមួយរូប។ ប៉ុន្តែភាពល្បីល្បាញនោះបានក្លាយទៅជាព័ត៌មានដ៏គួរឱ្យរន្ធត់ទៅវិញ ព្រោះអ្នកម្ដាយជាទីស្រលាញ់របស់លោកបានទទួលអនិច្ចកម្មនៅឆ្នាំនោះទៅ។ សម្រាប់ឆាលី ទោះបីជាជួបនូវរឿងរ៉ាវឈឺចាប់យ៉ាងណា ក៏លោកនៅតែបន្តស្មារតីធ្វើការបន្តទៀត។

ពីដើមឡើយ ខ្សែភាពយន្តរបស់លោកគឺជាប្រភេទភាពយន្តគ្មានសំឡេង ប៉ុន្តែលើកនេះលោកបានបញ្ចេញស្នាដៃផលិតខ្សែភាពពយន្តមានសំឡេងម្ដង ដែលរឿងដំបូងគឺរឿង City Lights ដែលមានបញ្ចូលតន្ត្រីផងដែរ។ រឿង City Lights នេះជារឿងកំប្លែងបុរាណមួយ ដែលឈុតចុងក្រោយរបស់វា ត្រូវបានគេកត់ត្រានៅក្នុងប្រវត្តិសាស្ត្រភាពយន្តថា ជាការសម្ដែងដ៏អស្ចារ្យបំផុតនៅលើកញ្ចក់ទូរទស្សន៍។

បន្ទាប់ពីការងារនេះ លោកបានឈប់សម្រាកពីការផលិតភាពយន្តប្រមាណ ២ឆ្នាំ ហើយនាកំលុងពេលនោះ លោកបានជួបជាមួយតារាសម្ដែងមួយរូប គឺនាង ផូលែត ហ្កូដដាដ (Paulette Goddard) ហើយក៏មានចំណងស្នេហាជាមួយគ្នា។ ក្រោយមកអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាយ៉ាងអាថ៌កំបាំងលួចលាក់។

ក្រោយមកទៀត លោកបានបន្តផលិតភាពយន្តដ៏ល្បីមួយទៀត គឺរឿង The Great Dictator ដែលនិយាយអំពីជីវិតរបស់មេដឹកនាំអាល្លឺម៉ង់ អាប់ដុលហ្វ៍ ហ៉ីត្លែ ដោយលោកជាអ្នកដើរតួ ហ៉ីត្លែ ផ្ទាល់ខ្លួនឯង។ នៅពេលចាក់បញ្ចាំងនៅឆ្នាំ១៩៤០ រឿងនេះក៏ទទួលបានភាពល្បីល្បាញពាសពេញពិភពលោក។

ដោយសម័យស្ថិតក្នុងវិបត្តិសង្គ្រាមលោកលើកទី២ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានតម្រូវឱ្យឆាលីបរិច្ចាគទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែលោកក៏មានការជំទាស់ផងដែរ ហើយលោកបាននិយាយដោយបើកចំហអំពីទស្សនៈរបស់លោក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាឱ្យគេតាមដានលោកយ៉ាងស្អិតល្មួត ដោយសង្ស័យថាលោកជាជនជាតិក្បត់ជាតិ ពិសេសនៅពេលដែលឆាលីនិយាយថា លោកខ្លួនឯងជាប្រជាជនអង់គ្លេស ហើយបដិសេធមិនព្រមទទួលយកសញ្ជាតិអាមេរិកនោះឡើយ។

នៅឆ្នាំ១៩៤២ ប្រពន្ធទី២របស់ឆាលី គឺនាង ផូលែត បានលែងលះជាមួយលោក។ ក្រោយមកទៀត ឆាលីបានចាប់ចិត្តជាមួយនារីក្មេងខ្ចីម្នាក់ទៀត គឺនាង អ៊ូណា អូណែល (Oona O'Neil) ដែលនាងគឺជាកូនស្រីរបស់អ្នកនិពន្ធល្ខោនម្នាក់។ ឪពុកខាងស្រីមិនពេញចិត្តឱ្យអ្នកទាំងពីរស្រលាញ់គ្នានោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ឆាលី និងអ៊ូណា នៅតែជម្នះតាមស្រលាញ់ស្មោះស្ម័គ្រនឹងគ្នារហូតដល់ទីបញ្ចប់។ នៅឆ្នាំ១៩៤៦ ប្ដីប្រពន្ធទាំងពីរនេះបង្កើតបានកូនប្រុសម្នាក់ ដោយដាក់ឈ្មោះថា ម៉ៃឃើល (Michael)។ ក្រោយមក អ្នកទាំងពីរក៏បង្កើតបានកូនប្រុសស្រី ៧នាក់ថែមទៀត។

នៅក្នុងជីវិតរបស់ឆាលី មានភាពយន្តមួយដែលគាត់គិតថាជារឿងដែលល្អឥតខ្ចោះជាងគេ ក្នុងចំណោមរឿងល្បីៗរបស់លោក គឺរឿង Limelight ប៉ុន្តែបែរជាគ្មានមនុស្សទស្សនាច្រើនទៅវិញ។ នេះក៏ព្រោះតែមានពាក្យចរចាមអារ៉ាមថា ឆាលី គឺជាពួកកុម្មុយនីស្ដដែលពួកសម្ពន្ធមិត្តមិនពេញចិត្តនឹងភាពយន្តនេះនោះឡើយ។ ហេតុនេះហើយ ទើបលោកលែងដាក់បញ្ចាំងរឿងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

នៅឆ្នាំ១៩៥៣ ឆាលីបានចេញពីសហរដ្ឋអាមេរិកទៅដើរកម្សាន្តនៅអង់គ្លេស ប៉ុន្តែនៅពេលលោកចង់ត្រលប់ទៅអាមេរិកវិញ គេបែរជាមិនអនុញ្ញាតឱ្យលោកចូលក្នុងប្រទេសវិញ។ លោកក៏បាននាំគ្រួសារទៅកាន់ប្រទេសស្វីស ហើយបានរស់នៅទីនោះអស់កាលយ៉ាងយូរ។ មួយឆ្នាំក្រោយមក ឆាលីបានទទួលពានរង្វាន់ក្រុមប្រឹក្សាសន្តិភាពពិភពលោក។ បន្ទាប់មក លោកក៏បានចាប់ផ្ដើមផលិតភាពយន្តថ្មីៗទៀត។

ឆាលីកាន់តែចាស់ទៅៗ ហើយល្បឿននៃការផលិតភាពយន្តរបស់លោកក៏ធ្លាក់ចុះដែរ។ ឆាលីបានចាប់ផ្ដើមកែសម្រួលភាពយន្តចាស់ៗរបស់លោកឡើងវិញ ហើយបញ្ចូលតន្ត្រីទៅក្នុងភាពយន្តទាំងនោះទៀតផង។

នៅឆ្នាំ១៩៦៤ លោកបានសរសេរអំពីជីវប្រវត្តិរបស់ខ្លួន ហើយដាក់ចំណងជើងថា My Autobiography។ នៅឆ្នាំបន្ទាប់ បងប្រុសរបស់លោកគឺ ស៉ីដនី បានទទួលមរណភាព ហើយលោកពិតជាមានការសោកសង្រេងយ៉ាងខ្លាំង។ ស៉ីដនី ជាបងប្រុសដ៏ល្អម្នាក់ ជាអ្នកគ្រប់គ្រងការរកស៉ី និងជាដៃគូរកស៉ីយូរឆ្នាំមកហើយ។ ប៉ុន្តែថ្វីបើលោកសោកសង្រេងយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តធ្វើកិច្ចការរបស់លោកដដែលជាដដែល ដោយបានផលិតភាពយន្តចុងក្រោយរបស់ខ្លួន ដែលមានចំណងជើងថា A Countess in Hong Kong។ ក្នុងរឿងនេះ លោកមិនមែនសម្ដែងជាតួឯកទេ គឺគ្រាន់តែដើរជាតួកម្មករមួយឈុតខ្លីប៉ុណ្ណោះ។

នៅឆ្នាំ១៩៧២ ឆាលីបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីទទួលពានរង្វាន់ភាពជោគជ័យនៃជីវិត ខណៈប្រជាជនទាំងអស់គ្នាបានសុំការអភ័យទោសចំពោះលោក។ នៅឆ្នាំបន្ទាប់ លោកបាននិពន្ធសៀវភៅមួយក្បាលទៀត ក្រោមចំណងជើងថា My Life in Pictures។ នៅឆ្នាំ១៩៧៥ លោកបានទទួលការសរសើរជាមហាកិត្តិយសពីសំណាក់ព្រះមហាក្សត្រិយានី Elizabeth II របស់ចក្រភពអង់គ្លេស ហើយបានទទួលនូវគោរមងារជា «Sir Charles Spender Chaplin»។

នៅឆ្នាំ១៩៧៧ ឆាលីសល់តែដង្ហើមចុងក្រោយនៅលើគ្រែ ហើយក៏បានទទួលអនិច្ចកម្មនាឆ្នាំនោះទៅ។ អ្នកគាំទ្ររាប់រាយលាននាក់ បានចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់តារាកំប្លែងដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក។

ភាពអស់សំណើចរបស់លោក គឺសុទ្ធតែបានមកពីជីវិតដ៏តោកយ៉ាករបស់លោក ដែលនាំឱ្យពោលពាក្យថា «ដើម្បីបង្កើតសំណើតដ៏ពិតប្រាកដនោះ អ្នកត្រូវតែចេះបំលែងភាពឈឺចាប់ទាំងឡាយរបស់អ្នក ហើយសម្ដែងរាល់សកម្មភាពទាំងនោះឱ្យចេញជាសំណើចមក»

សូមជម្រាបថា នាពេលបច្ចុប្បន្ន វីដេអូភាពយន្តរបស់លោក ឆាលី បាននិងកំពុងទាក់ទាញការទស្សនាយ៉ាងច្រើននៅលើបណ្ដេញសង្គមសម័យទំនើបនេះ ខណៈភាពយន្តភាពច្រើនសុទ្ធតែធ្វើឱ្យអ្នកទស្សនាបន្លឺសំណើចឡើងក្អាក់ក្អាយ ទាំងដែលលោកលែងបានស្ដាប់ការកោតសរសើរចំពោះរូបលោកទៀតហើយ៕