(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ កីឡាករខ្សែប្រយុទ្ធវ័យក្មេង ភាព ចាន់ដេវីត ដែលបានចុះកិច្ចសន្យារយៈពេល ១០ឆ្នាំជាមួយក្លិបអង្គរថាយហ្គឺរ បានសម្រេចបញ្ចប់អាជីពបាល់ទាត់របស់ខ្លួនហើយ ពោលគឺត្រឹមវ័យ ១៦ឆ្នាំប៉ុណ្ណោះ ដោយសារមូលហេតុបញ្ហារបួសជង្គង់ និងការបារម្ភផលប៉ះពាល់នៅលើទីលាន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្លិបអង្គរថាយហ្គឺរ។

ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបបញ្ជាក់ថា «ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានព្រមព្រៀងគ្នាជាមួយកីឡាករ ភាព ចាន់ដេវីត ដើម្បីបញ្ចប់កុងត្រាផងដែរ។ ចាន់ដេវីត បានសម្រេចចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួនជាមួយក្លិប ដោយមូលហេតុរូបគេមានបញ្ហារបួសជង្គង់ និងមានការបារម្ភខ្លាចមានការប៉ះទង្គិចខ្លាំងនៅពេលខាងមុខ»

សូមរំឮកថា ភាព ចាន់ដេវីត បានចុះកុងត្រារយៈពេលវែងរហូតដល់ទៅ ១០ឆ្នាំជាមួយអង្គរថាយហ្គឺរកាលពីឆ្នាំ២០១៧ បន្ទាប់ពីយុវជនមានដើមកំណើតនៅខេត្តសៀមរាបនេះ បានបង្ហាញសមត្ថភាព និងទេពកោសល្យដ៏ល្អនៅលើទីលាន។ លើសពីនេះ ដេវីត ក៏ទទួលបានការស្ងើចសរសើរពីរាមច្បង រួមទាំងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រើនទៀតផង។

បន្ទាប់ពីក្លាយជាយុវជនរបស់ក្លិបសមាជិកលីគកំពូលកម្ពុជា ភាព ចាន់ដេវីត ត្រូវបានក្លិបអង្គរថាយហ្គឺរ បញ្ជូនទៅហ្វឹកហាត់រយៈពេល ១សប្ដាហ៍នៅជប៉ុនកាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ជាមួយសាលាបាល់ទាត់ Vivaio Funabashi S.C ហើយបានជួប និងទទួលដំបូន្មានពីរាមច្បង ចាន់ វឌ្ឍនាកា អំឡុងពេលកីឡាកររហស្សនាម CV-11 លេងនៅក្លិប Fujieda MYFC ផងដែរ៕