(ប៉េកាំង)៖ អ្នកជំនាញខាងពាណិជ្ជកម្មចិន បានប្រាប់សារព័ត៌មានរដ្ឋថា ការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកអាចនឹងត្រូវការ ការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រុមហ៊ុនចិន ByteDance លក់អាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុនអាមេរិក ដោយនៅពេលនេះមានក្រុមហ៊ុនបច្ចេកវិទ្យាធំជាច្រើនបានចាប់អារម្មណ៍ទិញ TikTok ដូចជា Microsoft ជាដើម។

លោក Cui Fan អ្នកជំនាញខាងពាណិជ្ជកម្ម បានថ្លែងប្រាប់សារព័ត៌មានស៊ិនហួរថា នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋាភិបាលចិនបានធ្វើកំណែទម្រង់ច្បាប់ថ្មីមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលរកស៊ីនៅបរទេស ដោយច្បាប់ថ្មីនេះ អាចនឹងប៉ះពាល់ដល់ការលក់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ពោលគឺរាល់ការទិញ លក់ ត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន៕