(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៤ បានបញ្ចប់ការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយហើយ ខណៈគូជក់ចិត្ត ៣ប្រកួតចុងសប្ដាហ៍នេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២ប្រកួត រួមមានបឹងកេត ស្មើក្រុមវិសាខា ១-១ ស្របពេលណាហ្គាវើលដ៏ ស្មើព្រះខ័នរាជស្វាយរៀង ២-២ គ្រាដែលក្រុមភ្នំពេញក្រោន វាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១។

ចំពោះជំនួបជើងទី១ រវាងក្រុមបឹងកេត និងវិសាខា ដែលធ្វើនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាល្ងាចថ្ងៃអាទិត្យនេះ វគ្គទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ តែវិសាខាបានដាក់សម្ពាធខ្លាំងលើក្រុមម្ចាស់ផ្ទះ។ ចូលវគ្គទី២ វិសាខាបានបើកការនាំមុខ ១គ្រាប់មុន ដែលធ្វើបានសម្រេចដោយកីឡាករ កែវ សុខផេង។ បន្ទាប់មកបឹងកេត បានព្យាយាមវាយបកវិញ រហូតរកគ្រាប់តាមស្មើ ១-១ ដោយកីឡាករ ម៉ាត់ នូរុណ។

រីឯការប្រកួតនៅកីឡដ្ឋានស្ដាតចាស់ រវាងណាហ្គាវើលដ៏ និងព្រះខ័នរាជស្វាយរៀង វគ្គទី១ ក្រុមលោក Conor Nestor បានបំបែកពងមាន់មុន នៅនាទី៣៣ ដោយកីឡាករ នុប តុលា តែចុងម៉ោងកីឡាករ គួច សុកុម្ភៈ និង គួច ដានី រកបាន ១គ្រាប់ម្នាក់ឲ្យក្រុមលោក មាស ចាន់ណា នាំមុខវិញ។ ចូលវគ្គទី២ ការប្រកួតកាន់តែតានតឹង រហូតដល់ចុងម៉ោង ទើបកីឡាករ ហួយ ផល្លីន រកគ្រាប់តាមស្មើ ២-២ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៨៩។

ដោយឡែកការប្រកួតនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវបានក្រុមភ្ញៀវគិរីវង់បើកការនាំមុខ ១គ្រាប់មុន នៅវគ្គទី១ នាំឲ្យក្រុមលោក ស៊ុ វណ្ណា ព្យាយាមវាយបកជាខ្លាំង រហូតនៅសល់ប្រមាណ ១០នាទីចុងក្រោយនៃវគ្គទី២ ទើបភ្នំពេញក្រោន រកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយកីឡាករ អ៊ន ចាន់ប៉ូលីន និងកីឡាករ ម៉ៅ ពិសិដ្ឋ ដែលជួយឲ្យក្រុមរបស់ខ្លួនទទួលបានជ័យជម្នះ ២-១ ក្នុងជើងទី១ តែម្ដង។

យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលតម្រូវឲ្យក្រុមនីមួយៗ ត្រូវធ្វើការប្រកួតផ្លាស់ប្ដូរទឹកដីគ្នា ។

ចំពោះការប្រកួតជើងទី២ គ្រោងនឹងប្រកួតនាថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ខាងមុខ ។ រីឯគូប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ មួយប្រកួតទៀត ដែលប្រកួតមុនគេ គឺក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះខេត្តព្រៃវែង ដោយលទ្ធផល ១-០៕