(បរទេស)៖ ប្រសិនបើប្រិយមិត្តអ្នកអានធ្លាប់បានទស្សនាខ្សែភាពយន្តដ៏ល្បីល្បាញ «Titanic» នោះ អ្នកប្រហែលជាបានប្រទះឃើញហើយនូវ ខ្សែកពេជ្រពណ៌ខៀវស្រស់ស្អាតមួយ ដែលតួឯកស្រី Rose ពាក់។ ប៉ុន្តែតើអ្នកមានដឹងដែរទេថា ខ្សែកប្រឌិតមួយនោះ តាមពិតទៅយោងតាមគ្រឿងអលង្ការពិតយ៉ាងតម្លៃមួយ។

ខ្សែភាពយន្ត Titanic រៀបរាប់ពីដំណើររឿងរបស់តួឯកប្រុសឈ្មោះ Jack និងតួឯកស្រីឈ្មោះ Rose ជាមនុស្សពីរនាក់មកពីគ្រួសារខុសគ្នាស្រឡះ។ អ្នកទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នា នៅលើកប៉ាល់ដឹកអ្នកដំណើរធំបំផុតលើលោកនាសម័យនោះគឺ Titanic ដែលធ្វើដំណើរចេញពីចក្រភពអង់គ្លេស ឆ្លងកាត់មហាសមុទ្រអាត្លង់ទិចឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ១៩១២។

ក្នុងភាពយន្តនោះ Rose ទទួលបានខ្សែកពេជ្រពណ៌ខៀវមួយឈ្មោះថា «Heart of the Ocean» ពីគូដណ្តឹងរបស់នាង។ ខ្សែកប្រឌិតនេះ ត្រូវបានអ្នកដឹកនាំរឿងប្រើប្រាស់សម្រាប់ទុកទម្លាក់កំហុសលើ Jack ថាជាអ្នកលួច ដើម្បីជំរុញឲ្យសាច់រឿងឈានដល់ចុងបញ្ចប់ដែលពោរពេញដោយភាពសោកសៅ។

គួរជម្រាបថា ខ្សែក Heart of the Ocean ត្រូវបានបង្កើតឡើង ដោយយោងទៅតាមខ្សែកពេជ្រពិតមួយឈ្មោះថា Hope Diamond ដែលមាន ទំហំ៤៥.៥២ការ៉ាត់។ ខ្សែកទាំងពីរមានចំណុចខុសគ្នាត្រង់ថា Heart of the Ocean មានរាងជាបេះដូង ខណៈ Hope Diamond មានរាងមូល ។ Hope Diamond គឺជាត្បូងពេជ្រដ៏មានតម្លៃបំផុតមួយនៅលើពិភពលោក ជាមួយតម្លៃប្រហែលខ្ទង់៣៥០លានដុល្លារ។ បច្ចុប្បន្នត្បូងពេជ្រនេះ ត្រូវបានរក្សាទុកក្នុងសារមន្ទីរនៅរដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក៕