(ភ្នំពេញ)៖ ទស្សនិកជនធ្លាប់តាមដានទស្សនារឿង «ឡូយ៩» ប្រាកដជាបានស្គាល់តារាសម្ដែង កញ្ញា ចាន់ ស្រីរ័ត្ន ច្បាស់ហើយ ព្រោះកន្លងទៅនាងធ្លាប់ទទួលពាក្យចចាមអារ៉ាមមួយចំនួន ដែលថានាងជា Lesbien ឬជាមនុស្សស្រឡាញ់ភេទដូចគ្នា។ ពាក្យចចាមអារ៉ាមទាំងនេះ បានលេចឡើង បន្ទាប់ពីនាងចូលរួមសម្តែងក្នុងរឿង «ឡូយ៩» ព្រោះក្នុងរឿងនេះនាងបានដើរតួបែប Lesbien។ យ៉ាងណាមិញ ថ្មីៗនេះ ចាន់ ស្រីរ័ត្ន បានចេញមកបដិសេធពាក្យចចាមអារ៉ាមទាំងនេះ ដោយអះអាងថាវាមិនមែនជាការពិតនោះទេ ពោលគឺគ្រាន់តែជាការសម្តែងក្នុងរឿងប៉ុណ្ណោះ។

ការលើកឡើងបែបនេះពីសំណាក់ កញ្ញា ចាន់ ស្រីរ័ត្ន គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ មុននឹងបដិសេធពាក្យចចាមអារ៉ាមខាងលើ កញ្ញា ចាន់ ស្រីរ័ត្ន បានរំលឹកទៅកាន់ទស្សនិកជនប្រវត្តិចូលសិល្បៈយ៉ាងដូច្នេះថា ភាពយន្តដែលនាងចូលរួមសម្តែងរឿងដំបូងចំណងជើងថា «ក្រោមមេឃបើគ្មានអូន»

កញ្ញា ចាន់ ស្រីរ័ត្ន បន្តថា បន្ទាប់ពីថតរឿងដំបូងខាងលើហើយ សម្រាប់រឿងទី២ គឺបានសម្តែងជាតួឯកតែម្តង ព្រោះតែផលិតករមានការចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់នាង។ នាងថា ជាតារាសម្តែង អ្វីដែលសំខាន់ក្រៅពីសមត្ថភាពខាងសិល្បៈហើយនោះ គឺត្រូវមានសីលធម៌ និងគោរពពេលវេលា ហេតុនេះធ្វើឲ្យនាងចេះតែមានការងារជាបន្តបន្ទាប់។

យ៉ាងណាមិញ តាមរយៈដើរជាតួអង្គលក្ខណៈ Lesbien ក្នុងរឿង «ឡូយ៩» បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែមានការគាំទ្រច្រើនពីទស្សនិកជន ស្របពេលជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមផងដែរ ដោយថា នាងជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា ត្បិតក្នុងរឿងនេះនាងមានចរិតលក្ខណៈស្រដៀងមនុស្សប្រុស រហ័សរហួន និងចូលចិត្តស្លៀកសំលៀកបំពាក់ស្រដៀងមនុស្សប្រុសជាដើម។

ចំណុចត្រង់នេះ ត្រូវបានកញ្ញា ចាន់ ស្រីរ័ត្ន បដិសេធតាមរយៈបកស្រាយទៅកាន់ទស្សនិកជន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» យ៉ាងដូច្នេះថា ពាក្យដែលថានាង ស្រឡាញ់ភេទដូចគ្នានេះ គឺមិនមែនជាការពិតនោះទេ តាមពិតទៅគ្រាន់តែជាការសម្តែង និងចរិតក្នុងភាពយន្តតែប៉ុណ្ណោះ។ នាងថា បើមិត្តភ័ក្តរបស់នាងពិតជា មានបែបនេះមែន តែសម្រាប់នាង គឺមិនដូច្នោះទេ។

និយាយដល់ចំណុចនេះ កញ្ញា ចាន់ ស្រីរ័ត្ន បានបង្ហើបថា កន្លងមកនាងធ្លាប់មានស្នេហាជាមួយមនុស្សប្រុសម្នាក់ ប៉ុន្តែដោយសារតែការមិនចុះសម្រុងគ្នា និងគូស្នេហ៍របស់នាងជាអនិកជនមិននៅជិតគ្នានោះទេ ទើបឈានដល់ចំណុចមួយបែកបាក់គ្នា ពោលគឺរហូតមកទល់នឹងពេលនេះ គឺបែកគ្នារយៈពេល៤ទៅ៥ឆ្នាំមកហើយ។ តែយ៉ាងណា បច្ចុប្បន្នមិនទាន់មានបុរសផ្សេងមកស្អំបេះដូងនោះទេ ព្រោះតែនាងគិតថាផ្តោតលើការងារសិល្បៈឲ្យបានជោគជ័យជាមុនសិន។

គួរជម្រាបថា កញ្ញា ចាន់ ស្រីរ័ត្ន ជាតារាសម្តែងដ៏មានប្រជាប្រិយភាពជាខ្លាំងក្នុងវិស័យភាពយន្ត។ បច្ចុប្បន្នក្រៅពីមានអាជីពជាការងារសម្តែងត្រូវបានផលិតករចាប់អារម្មណ៍ច្រើនហើយនោះ នាងក៏ជាពិធីការិនីមួយរូបផងដែរ ខណៈបច្ចុប្បន្ននាងជាពិធីការិនី ជាមួយលោក ដួង សុខគា ប្រចាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្មវិធី តាមរយៈវីដេអូខ្លីៗដែលចាក់នៅលើហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕