(ភ្នំពេញ)៖ ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចប់ហើយ ដោយក្រុមយុវជន U16 វិសាខា បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះ ក៏ដូចជាសងសឹកបានសម្រេចលើក្រុមយុវជន U16 នគររាជអែហ្វស៊ីដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យនេះ។

មុនជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្ដងរួចមកហើយ កាលពីវគ្គ ៨ក្រុមចុងក្រោយ(ក្នុងពូល) ដោយក្រុម U16 នគររាជអែហ្វស៊ី បានយកឈ្នះក្រុម U15 វិសាខា ២-១ ។ ប៉ុន្ដែក្នុងជំនួបដ៏សំខាន់ព្រឹកនេះ ក្រុមយុវជនវិសាខា ធ្លាប់បានយ៉ាងល្អ ដោយបានវាយបកយកឈ្នះក្រុមយុវជននគររាជអែហ្វស៊ី ដល់ទៅ ៣-០ ដែលធ្វើសម្រេចដោយកីឡាករ ចាង គឹមល័ង, នេត ណែត និង ស៊ិន សុវណ្ណមករា ម្នាក់ ១គ្រាប់។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមយុវជន U15 វិសាខា ក្លាយជាជើងឯកលើកដំបូង ក្នុងជំនាន់ទី១ នៃការរៀបចំពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំរបស់សហព័ន្ធ ស្របពេលជើងឯករងបានទៅក្រុម U16 នគររាជអែហ្វស៊ី ។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ បន្ទាប់ពីយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០។

ចំពោះពិធីប្រគល់រង្វាន់ជយលាភីវិញ នឹងត្រូវរៀបចំរួមគ្នា ក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំល្ងាចនេះ នៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងក្រុម U18 ភ្នំពេញក្រោន និងក្រុម U18 វិសាខា ដែលជាបេក្ខភាពប្រជែងតំណែងជើងឯក៕