(បូហ្គូតា)៖ លីគបាល់ទាត់កំពូលរបស់ប្រទេសកូឡុំប៊ី នឹងបន្តចាប់ផ្តើមឡើងវិញ នៅខែកញ្ញា បន្ទាប់ពីបានបិទអស់រយៈពេល៦ខែ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងកីឡា លោក Ernesto Lucena ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។

ការប្រកាសនេះ បានធ្វើឡើងក្រោយ៨ថ្ងៃ បន្ទាប់ពីក្លិបត្រូវបានអនុញ្ញាត ឲ្យបន្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ជាលើកដំបូង ចាប់តាំងពីពាក់កណ្តាលខែមីនា។

លោក Lucena បានលើកឡើងថា គ្រប់ការប្រកួតទាំងអស់ នៅក្នុងលីគ Dimayor ដែលជាលីគកំពូលនៅកូឡុំប៊ីនោះ នឹងត្រូវធ្វើឡើង ដោយមិនមានអ្នកគាំទ្រចូលរួមនោះទេ រហូតដល់មានការជូនដំណឹងថ្មី។

បើតាមតួរលេខពីក្រសួងសុខាភិបាល, គិតមកទល់ពេលនេះ កូឡុំប៊ី មានករណីឆ្លងវីរ៉ុស COVID-19 ជាង៥៩០,០០០ករណី ក្នុងនោះជាង១៨,០០០ករណីបានស្លាប់៕