(ភ្នំពេញ)៖ អ្នកគាំទ្រក្លឹបកាំភ្លើងធំ Arsenal នៅកម្ពុជានៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានជួបជុំគ្នារៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្លឹបកាំភ្លើងធំមួយនេះ ឈ្នះជើងឯកពាន FA cup ប្រចាំរដូវកាល២០២០ ដែលជាពានលំដាប់ទី២ នៅក្នុងប្រទេសអង់គ្លេស។

Arsenal គឺជាក្រុមមួយនៅអង់គ្លេស ដែលបានឈ្នះពាន FA Cup ដល់ទៅ ១៤ដង នាំមុខក្រុមបិសាចក្រហម Manchester United ដែលឈ្នះពាននេះត្រឹមតែ ១២ដងប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧១ ដោយសមាគមបាល់ទាត់ (Football Association)។

អ្នកគាំទ្រនៅកម្ពុជាបានរៀបចំពិធីអបអរសាទរយ៉ាងសប្បាយរីករាយ មានការដើរហែរនៅលើតាមដងវិថី នៅក្នុងរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេងផងដែរ។ នៅក្នុងការដង្ហែនេះដែរ គេឃើញមានពានមួយដែលជាពានសិប្បនិមិ្មត មានរូបរាងដូចគ្នាសុទ្ធសាធទៅនឹងពានដើមដែល Arsenal ឈ្នះសម្រាប់រដូវកាលនេះ។

លោក តុង សុប្រាជ្ញ អ្នកដឹកនាំកម្មវិធីបានឱ្យដឹងថា នេះគឺជាពានសិប្បនិម្មិត ដែលត្រូវបានបង្កើតឡើងត្រូវបានបង្កើតឡើងដោយការរៃអង្គាសថវិកា ពីអ្នកគាំទ្រក្រុមកាំភ្លើងធំនេះទូទាំងប្រទេស។ អ្នកគាំទ្រ សុទ្ធតែពាក់អាវដាក់ថា Always 14 Forward ដើម្បីបញ្ជាក់ថា ក្រុមដែលខ្លួនពេញចិត្តបានឈ្នះពាននេះ ១៤ដងហើយ។

«ស្ពាននេះទម្ងន់ ៨ គីឡូក្រាម ធ្វើពីស្ពាន់ ស្រោបទៅដោយដែកអ៉ីណុក តម្លៃសរុបអស់ ១ពាន់ដុល្លារអាមេរិក»។ នេះបើតាមលោក តុង សុប្រាជ្ញ។

អ្នកដែលស្រឡាញ់វិស័យបាល់ទាត់ និងគាំទ្រក្លិប Arsenal ចាស់វស្សារូបនេះ បានបន្តថា ការរៀបចំជួបជុំអបអរសាទរពាននេះផងដែរ គឺដើម្បីបំផុសគំនិតឲ្យកូនខ្មែរជំនាន់ក្រោយ ងាកមកគាំទ្រវិស័យកីឡាឲ្យខ្លាំង ហើយចៀសឲ្យផុតពីការសេពគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ទោះបីជាការមានការដង្ហែជួបជុំគ្នាក៏ដោយ ក៏ពួកគាត់នៅតែមិនភ្លេច អំពីការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួន ប្រឆាំងនឹងជំងឺកូវីដ១៩ទៀតផង។

គួរបញ្ជាក់ដែរថា សម្រាប់រដូវកាលឆ្នាំ ២០១៩-២០២០នេះ មានក្រុមដែលចូលរួមប្រកួត FA Cup ចំនួន ៧៣៥ក្រុម។ ក្រុមបាល់ទាត់កាំភ្លេីងធំ Arsenal បានក្លាយជាក្រុមជេីងឯកពានលំដាប់ទី២ អង់គ្លេស FA Cup បន្ទាប់ពីវាយបកឈ្នះគូប្រជែងតោខៀវ Chelsea ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែសីហា នាកីឡដ្ឋាន Wembley។

បន្ទាប់ពីឈ្នះពានភ្លាមៗ ក្រុមអ្នកគាំទ្រនៅកម្ពុជា ក៏ធ្លាប់រៀបចំការហែក្បួននៅក្នុងរាជធានីភ្នំពេញម្ដងរួចហើយប៉ុន្តែមិនទាន់បានធ្វើពានសិប្បនិម្មិតដូចការជួបជុំលើកនេះនោះទេ។ ក្លឹបកាំភ្លើងធំមួយនេះ ក៏ធ្លាប់បង្ហោះសារអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រខ្លួនតាំងពីដើមរៀងមកផងដែរ៕