(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា ការផលិតឧស្ម័នអុកស៉ីសែននៅលើផែនដីយើងនេះប្រមាណជា ៥០-៨០ភាគរយគឺ ទទួលបានមកពីមហាសមុទ្រ។ ផលិតកម្មអុកស៉ីសែននេះភាគច្រើនមានប្រភពចេញពីពពួកផ្លុងតុង (Plankton) ដែលស្ថិតក្នុងមហាសមុទ្រ រួមមានដូចជាពពួករុក្ខជាតិរសាត់អណ្ដែត ស្លែ សារាយសមុទ្រ ព្រមទាំងបាក់តេរីផ្សេងៗដែលអាចធ្វើរស្មីសំយោគ។

អម្បូរបាក់តេរីម៉្យាងហៅថា ប្រូក្លរ៉ូកូកឺស (Prochlorococcus) ជាសារពាង្គកាយមានទំហំតូចបំផុតលើផែនដី ដែលអាចធ្វើរស្មីសំយោគបាន។ ប៉ុន្តែបាក់តេរីដ៏តូចនេះអាចផលិតអុកស៉ីសែនបានរហូតដល់ទៅ ២០ភាគរយនៃបរិមាណអុកស៉ីសែននៅក្នុងតំបន់ Biosphere របស់ផែនដី គឺវាជាអត្រាខ្ពស់ជាងកម្រិតអុកស៉ីសែន ដែលព្រៃទាក់ទាញទឹកភ្លៀងទាំងអស់នៅជុំវិញពិភពលោកអាចផលិតបានទៅទៀត។

ភាគរយនៃអុកស៉ីសែនដែលផលិតនៅក្នុងមហាសមុទ្រ គឺពិបាកនឹងគណនាឲ្យចេញតម្លៃជាក់លាក់ណាស់ ពីព្រោះថាបរិមាណនៃការផលិតរបស់វា តែងមានការផ្លាស់ប្ដូរប្រែប្រួលជាប្រចាំ។ អ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីធ្វើការតាមដានពពួកផ្លុងតុងដែលធ្វើរស្មីសំយោគ ហើយប៉ាន់ស្មានបរិមាណនៃការធ្វើរស្មីសំយោគដែលកើតឡើងក្នុងមហាសមុទ្រ ប៉ុន្តែការប្រើប្រាស់រូបភាពពីផ្កាយរណប មិនអាចប្រាប់ពីស្ថានភាពទាំងស្រុងបាននោះទេ។

បរិមាណពពួកផ្លុងតុងទាំងនេះ ក៏តែងតែមានការប្រែប្រួលទៅតាមរដូវកាលជានិច្ចផងដែរ និងដោយសារបរិមាណនៃសារធាតុចិញ្ចឹម ក៏ដូចជាសីតុណ្ហភាពនៅក្នុងទឹក ព្រមទាំងកត្តាជាច្រើនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវបានបង្ហាញដែរថា បរិមាណអុកស៉ីសែននៅតាមកន្លែងខ្លះ គឺមានការប្រែប្រួលទៅតាមពេលវេលា និងជំនោររបស់ទឹកសមុទ្រ។

ចូរចាំថាបើទោះបីជាមហាសមុទ្រជាកន្លែងផលិតអុកស៉ីសែនបានយ៉ាងហោច ៥០ភាគរយនៃបរិមាណអុកស៉ីសែន នៅលើផែនដីក៏ពិតមែន ប៉ុន្តែពពួកជីវិតនៅក្នុងមហាសមុទ្រ ក៏ចាំបាច់ត្រូវការប្រើប្រាស់ក្នុងអុកស៉ីសែន ក្នុងបរិមាណប្រហាក់ប្រហែលគ្នាដែរ។ ដូចសត្វនិងរុក្ខជាតិលើគោកដែរ គឺសត្វនិងរុក្ខជាតិនៅក្នុងសមុទ្រសុទ្ធតែត្រូវការអុកស៉ីសែន។ ម៉្យាងវិញទៀត នៅពេលពួកវាងាប់ហើយរលួយពុកនៅក្នុងមហាសមុទ្រ ក៏ត្រូវការប្រើអុកស៉ីសែនដែរ។

ប្រការនេះអាចបង្កបញ្ហាជាពិសេស នៅកន្លែងមានស្លែឬសារាយសមុទ្រច្រើនប្រមូលផ្តុំច្រើនកកកុញ។ នៅពេលដែលរុក្ខជាតិទាំងនេះងាប់ ដំណើរការរលាយខ្លួនរបស់វាអាចប្រើប្រាស់អុកស៉ីសែន លឿនជាងបរិមាណអុកស៉ីសែនដែលផលិតឡើង។ នៅពេលរឿងនេះកើតឡើង វានឹងបង្កើតជាតំបន់ដែលមានអុកស៉ីសែនទាបហៅថា ហាយផូសៀ (Hypoxia)។

គួរជម្រាបថា តំបន់នេះជារឿយៗត្រូវគេហៅថាជា «តំបន់ខ្មោច» ដោយសារមានកម្រិតអុកស៉ីសែនគឺទាបពេក ពុំអាចទ្រទ្រង់ជីវិតភាគច្រើន នៅក្នុងមហាសមុទ្របាន។ មជ្ឈមណ្ឌលផ្នែកវិទ្យាសាស្រ្តមហាសមុទ្ររបស់សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំង ព្យាករណ៍លើកន្លែងដែលមានការីករាលដាលនៃវត្តមានស្លែ-សារាយសមុទ្រ រួមជាមួយតំបន់ Hypoxia ដើម្បីកាត់បន្ថយការប៉ះពាល់ចំពោះប្រព័ន្ធអេកូឡូស៊ីនៅក្នុងមហាសមុទ្រ៕