(ក្រុងឡុងដ៍)៖ ខ្សែការពារកណ្តាលរបស់ប្រេស៊ីល Thiago Silva បានចុះកិច្ចសន្យាជាមួយក្លិបតោខៀវ Chelsea រយ:ពេល ១ឆ្នាំ ក្រោយចាយពេល ៨ឆ្នាំជាមួយក្លិបចាយលុយរបស់បារាំង Paris Saint-Germain។

តាមរយ:ព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមអង់គ្លេសខាងលើក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនដែលបានចាកចេញពី PStG បន្ទាប់ពីបរាជ័យចុងក្រោយនៃក្របខណ្ឌ UEFA Champions League កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្រោមថ្វីជើងរបស់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

អតីតប្រធានក្រុមនៃក្រុមជើងឯកលីគបារាំង Thiago Silva បានចូលរួមជាមួយក្រុមដែលបានរបូតគ្រាប់បាល់ច្រើនជាងគេ (៥៤គ្រាប់) ឈរនៅលេខរៀងទី៤ ក្នុងចំណោម ១០ក្រុម ក្នុងលីគអង់គ្លេសកាលពីរដូវកាលមុន ហើយក៏ជាកីឡាករទី៥ របស់លោក Frank Lampard ផងដែរ បន្ទាប់ពីអតីតខ្សែការពារដ៏ឆ្នើម Malang Sarr, ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Ben Chilwell មកពី Leicester និងខ្សែប្រយុទ្ធ Hakim Ziyech និង Timo Werner សុទ្ធតែបានផ្ទេរមកកាន់ទឹកដី Stamford Bridge ដូចគ្នា។

Silva បាននិយាយថា «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមតោខៀវ Chelsea។ ខ្ញុំពិតជារីករាយដែលបានក្លាយជាផ្នែកមួយនៃក្រុមដ៏អស្ចារ្យរបស់ Frank Lampard។ ខ្ញុំមកទីនេះដើម្បីប្រជែងយកកិត្តិយស ដែលខ្ញុំក៏កំពុងទន្ទឹងរង់ចាំលេងនៅលីគដ៏ល្បីនេះដែរ»

Silva ដែលបានបង្ហាញខ្លួនជាមួយជម្រើសជាតិប្រេស៊ីលបានចំនួន ៨៨ប្រកួតផងនោះ បានចូលលេងជាង ២០០ប្រកួតសម្រាប់ PSG ក្នុងអំឡុងពេល ៨ឆ្នាំនៅរដ្ឋធានីបារាំង ដោយឈ្នះពានរង្វាន់ Ligue 1 ចំនួន ៧ ជាប់ៗគ្នាទៀត៕