(ក្រុងឡុងដ៍)៖ លោក Mikel Arteta អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានបញ្ចូលឈ្មោះកីឡាករឆ្នើម ៤រូបផ្សេងទៀត ដើម្បីត្រៀមប៉ះជើងខ្លាំង Liverpool ដណ្តើមពានបើករដូវកាល FA Community Shield នារាត្រីថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ All Football នៅថ្ងៃនេះ។

កីឡាករចាំទី Emiliano Matinez ដែលជួយកាំភ្លើងធំឈ្នះជើងឯក FA Cup ទៅលើតោខៀវ Chelsea កាលពីដើមខែសីហា ឆ្នាំ២០២០ ក៏បានវិលមកហ្វឹកហាត់ជុំគ្នាវិញផងដែរនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រាដែល Gabriel Magalhares ដែលទើបចុះកិច្ចសន្យាទិញក្នុងតម្លៃ ២៥លានផោននោះក៏បានបង្ហាញខ្លួនលើកដំបូងក្នុងក្លិបផងដែរ។

បន្ថែមលើនេះ អតីតកីឡាករចាំទីដៃទី១ Bernd Leno ក៏បានបង្ហាញខ្លួនឡើងវិញដែរ គិតចាប់តាំងពីរងរបួសកាលខែមិថុនាមក នៅក្នុងជំនួបដែល Arsenal បំបាក់ MK Dons ក្នុងលទ្ធផល ៤-១ នៃជំនួបមិត្តភាព Pre-season កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ ប្រភពខាងលើមិនបញ្ជាក់ពីកីឡាករម្នាក់ទៀតដែលស្ថិតក្នុងជម្រើស ២៣នាក់ឡើយ។

Arsenal ដែលត្រូវប៉ះ Liverpool ដែលជាជើងឯក Premier League ដណ្តើមពាន FA Community Shield 2020 នឹងធ្វើឡើងនៅវេលាម៉ោង ២២៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃសៅរ៍ ទី២៩ ខែសីហា មុនពេលព្រឹត្តិការណ៍លីគកំពូលអង់គ្លេសរដូវកាលថ្មីចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០៕