(បាងកក)៖ ទីបំផុតអ្នកលេងគុនខ្មែរ សុខ ធី បានស្គាល់ជ័យជម្នះលើកដំបូងលើសង្វៀនប្រដាល់លំដាប់ពិភពលោក ONE Championship ក្រោយផ្ដួលកីឡាករចិន Huang Ding ឲ្យសន្លប់ត្រឹមចុងទឹកទី១ ក្នុងព្រឹត្តិការណ៍ ONE: A NEW BREED នារាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅប្រទេសថៃ។

នេះជាលើកទី៥ ហើយ ដែលកីឡាករកម្ពុជារូបនេះ ត្រូវបានស្ថានប័ន ONE Championship ដាក់ឈ្មោះប្រកួត តែត្រូវជួបកីឡាករចិន ផ្ទុយពី ៤លើកមុន ដែល សុខ ធី ជួបកីឡាករថៃ តែពុំធ្លាប់ទទួលបានជ័យជម្នះនោះទេ ពោលគឺប្រកួតចាញ់ពិន្ទុកីឡាករ Lerdsila ២ដង ចាញ់កីឡាករ Rodtang ដោយសន្លប់ម្ដង និងចាញ់កីឡាករ Mongkolpetch ដោយពិន្ទុ កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅម្ដង។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតជាមួយអ្នកប្រដាល់ចិនខាងលើ សុខ ធី ធ្វើបានយ៉ាងល្អ ទោះបីត្រូវបាន Huang Ding វាយសម្រុកខ្លាំងនៅដើមទឹក តែអ្នកលេងគុនខ្មែររូបនេះ បានព្យាយាមទប់ និងវាយបកខ្លាំងវិញនៅចុងទឹកទី១ ពិសេសនៅសល់ពេលប្រមាណ ១៣វិនាទីបញ្ចប់ទឹកទី១ នោះ សុខ ធី បានប្រើកណ្ដាប់ដៃដ៏ធ្ងន់ វាយលើដើមទ្រូងរបស់ Huang Ding ដែលបង្ខំឲ្យកីឡាករចិនរូបនេះដួល និងបោះបង់ការប្រកួតតែម្ដង៕