(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង សុគន្ធ និសា បើទោះបីជាមានស្វាមីសាង ទ្រនំគ្រួសារទៅហើយក្ដី ក៏នាងនៅតែជាតារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស រក្សាបានកេរ្តិ៍ឈ្មោះ ក្នុងវិថីសិល្បៈជាកំពូលតារាជួរមុខ និង មានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា អ្នកនាងតែងមានវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗជាហូរហែ។ យ៉ាងណាមិញ ក្រោយពីស្ថានភាពនៃជំងឺ កូវីដ១៩ ហាក់បានធូរស្បើយ សម្រាប់តារាចម្រៀង សុគន្ធ និសា បានបញ្ចេញនូវបទច្រៀងថ្មីមួយទៀត បានចំណងជើងថា «ស្មោះពេកអាយុខ្លី» មានអត្ថន័យរៀបរាប់ពីភាពសោកសៅ ទុក្ខព្រួយភាពឈឺចាប់នៅក្នុងរឿងស្នេហា ជាពិសេសត្រូវនឹងសាច់រឿងមិត្ត យុវវ័យពេលបច្ចុប្បន្ននេះ។

តារាចម្រៀងស្រគត់ស្រគំ សុគន្ធ និសា បានបង្ហាញប្រាប់ Fresh News Plus ឲ្យដឹងតាមរយៈសារអេឡិចត្រូនិចថា បទ «ស្មោះពេកអាយុខ្លី» ហាក់មានចំណងជើងរៀង សាហាវបន្តិច ប៉ុន្តែបទនេះបានរៀបរាប់ពីភាពសោកសៅ ទុក្ខព្រួយភាព ឈឺចាប់នៅក្នុងរឿងស្នេហា ជាពិសេសត្រូវនឹងសាច់រឿងមិត្តយុវវ័យ ពេលបច្ចុប្បន្នខ្លាំងៗតែម្តង។ ព្រោះតែយើងស្រឡាញ់គេខ្លាំងពេក គេលែងឲ្យតម្លៃមកលើយើង ធ្វើឲ្យក្លាយជាមនុស្សថោកសម្រាប់គេ។

សុគន្ធ និសា បានបង្ហាញទៀតថាបទ «ស្មោះពេកអាយុខ្លី» គឺស្នាដៃតាក់តែងនិពន្ធរបស់តារាចម្រៀង Step។ ចម្រៀងមួយនេះស៊ីខ្លាំងជាមួយនឹងសំឡេងពោរពេញ ដោយមនោសញ្ចេតនារបស់នាង ដែលកាន់តែធ្វើឲ្យបទ ចម្រៀងនេះ ហាក់កំពុងដាស់អ្នកខូចចិត្តគ្រប់រូប ឲ្យលង់អារម្មណ៍ ទៅតាមអត្ថន័យរបស់អ្នកនិពន្ធ។ «ដុក Admin ទាល់តែបានបានស្តាប់ហើយ (ស្មោះពេកអាយុខ្លី) សំខាន់អ្នកនិពន្ធបទភ្លេងគឺប្រុសស្អាត STEP យើងហ្នឹង...»។ សុគន្ធ និសា បញ្ជាក់បន្ថែម។

ទោះបីជាក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ វាយលុកក្នុងប្រទេសកម្ពុជាតារាចម្រៀង សុគន្ធ និសា ហាក់មិនសូវបានបញ្ចេញបទច្រៀងច្រើនវាយលុកក្នុងទីផ្សារនាពេលបច្ចុប្បន្នក្ដី ប៉ុន្តែសម្រាប់បទថ្មីក្នុងរដូវកាលនេះ គឺនាងសង្ឃឹមថា នឹងទទួលជោគជ័យ មានអ្នកគាំទ្រច្រើន ដដែល ព្រោះជាក់ស្ដែងបទនេះ ទើបតែបង្ហោះក្នុង YouTube ប៉ុន្មានថ្ងៃថ្មីៗ សោះ មានអ្នកចូលស្ដាប់រាប់ម៉ឺននាក់ទៅហើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ តារាចម្រៀង សុគន្ធ និសា បានចេញនូវបទចម្រៀងថ្មី ជាផ្លូវការមួយមានចំណងជើងថា «ស្មោះពេកអាយុខ្លី» ក្រោយស្ងាត់មួយរយៈ ខណៈបទនេះបានមកអង្រួនដួងចិត្តមិត្តៗយុវវ័យ ជាមួយនឹងអត្ថន័យបទចម្រៀងពិតជាមានន័យ និងចាក់ចោតមែន ក្នុងអារម្មណ៍អ្នកស្តាប់ ជាពិសេសគឺសំនៀងដ៏ពីរោះស្រទន់របស់អ្នកនាងតែម្តង។ ពិតជាត្រូវអារម្មណ៍យុវវ័យខ្លាំង មួយបទនេះចេញភ្លាមចំនួនអ្នកស្តាប់កើនរាប់ស៊ិបម៉ឺនដង ព្រមទាំងមានអ្នកស៊ែរយ៉ាងច្រើនហៀរហូរបន្ថែមទៀត។

ចង់ដឹងថា បទ «ស្មោះពេកអាយុខ្លី» របស់តារាចម្រៀង សុគន្ធ និសា មានអត្ថន័យលន្លង់លន្លោចយ៉ាងណានោះ សូមរីករាយសណ្ដាប់ដូចខាងក្រោម៖