(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បាននឹងកំពុងជួបភាពវឹកវរជាខ្លាំង ក្រោយមានសមាជិក ៥នាក់បានតេស្តវិជ្ជមានលើវីរុសឆ្លង COVID-19 នាពេលថ្មីៗជិតឈានដល់ការប្រកួតពានរង្វាន់ UEFA Nations League នាដើមខែក្រោយ។ នេះបើយោងតាមការចេញដោយព័ត៌មាន The Sun នៅថ្ងៃនេះ។

ក្រុមដែលមានរហស្សនាម «តោ៣» ដឹកនាំដោយអ្នកចាត់ការទូទៅ Gareth Southgate បានធ្វើការកោះហៅកីឡាករចំនួន ២៣នាក់ចូលជំរំហ្វឹកហាត់ ដើម្បីត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិអ៉ីស្លង់ និងដាណឺម៉ាកនៅថ្ងៃបើកឆាកពានរង្វាន់ជើងឯកលីគអឺរ៉ុប Nations League 2020-2021 នៅថ្ងៃទី០៥ និងទី០៨ ខែកញ្ញាខាងមុខ។

កីឡាករដែលមានផ្ទុកមេរោគទាំង ៥នាក់ដែលមិនត្រូវបានបង្ហាញឈ្មោះនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក គ្រាដែលមួយចំនួននឹងត្រឡប់មកជំរំហ្វឹកហាត់វិញនៅសប្តាហ៍បន្ទាប់ ហើយនេះក៏ជាការឈឺក្បាលសម្រាប់លោក Southgate បន្ទាប់ពីករណីចាប់ខ្លួនខ្សែការពារ Harry Maguire នៅប្រទេសក្រិក ត្រឹមរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ។

ប្រភពព័ត៌មានខាងលើដដែលក៏បានចេញផ្សាយដែរថា មកទល់ពេលនេះ ក្លិបបាល់ទាត់តោខៀវ Chelsea មានកីឡាករ ៨នាក់បានឆ្លង Covid-19, Arsenal មាន ៤នាក់ Tottenham Hotspur និង Manchester United មាន ១នាក់ដូចគ្នា សុទ្ធតែជាកីឡាករសំខាន់ៗដែលក្រុមជម្រើសជាតិបារាំង និងអង់គ្លេសជ្រើសរើសផងដែរ៕