(ភ្នំពេញ)៖ លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានបង្ហើបពីគោលបំណងរបស់ថ្នាក់ដឹកនាំក្លិប ដោយចង់ឲ្យលោក គឹម ភក្ដី បន្ដធ្វើជាគ្រូបង្វឹក បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះ ដឹកនាំក្រុមសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសជួយឲ្យក្រុមឡើងឈរកំពូលតារាង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ជើងទី១។

ការថ្លែងបែបនេះ ស្របពេលលោក គឹម ភក្ដី នៅមានភាពស្រពិចស្រពិល ក្នុងតួនាទីជាគ្រូបង្វឹកអតីតក្រុមជើងឯក ៣សម័យនេះ។ យ៉ាងណាមិញលោក បែ មករា បានអះអាងថា ជុំវិញតួនាទីគ្រូបង្វឹកនេះ លោកនៅមិនទាន់ឆ្លើយបាននោះទេ ដ្បិតតួនាទីចាស់របស់លោក គឹម ភក្ដី គឺជានាយកបច្ចេកទេសរបស់ក្លិប។ ប៉ុន្ដែជំហររបស់ក្លិប ពិតជាចង់ឲ្យលោកបន្ដធ្វើជាគ្រូបង្វឹករបស់បឹងកេត។

អគ្គលេខាធិការក្លិបខាងលើបញ្ជាក់ថា «នេះជារឿងក្រោយ យើងអត់ទាន់ឆ្លើយបាន ដោយសារតួនាទីរបស់គាត់ គឺជានាយបច្ចេកទេស តែដោយសារបន្ទាន់ ក្នុងការជ្រើសរើសគ្រូបង្វឹក ហើយយើងគិតថា គាត់ស័ក្តិសមយើងក៏ប្រគល់ភារកិច្ចឲ្យគាត់ ហើយគាត់ក៏ធ្វើបានល្អ។ យើងក៏មានបំណងឲ្យគាត់បន្ដដែរ ប៉ុន្ដែយើងរង់ចាំមើលការសម្រេចចិត្តរបស់គាត់ តើគាត់បន្ដជាគ្រូ ឬគាត់ចង់ត្រឡប់ទៅតំណែងគាត់ដើមវិញ។ ប៉ុន្ដែគោលបំណង យើងនៅតែចង់ឲ្យគាត់បន្ដជាគ្រូ»

គួរបញ្ជាក់ថា លោក គឹម ភក្ដី ត្រូវបានបឹងកេតតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន ក្រោយការចាកចេញរបស់លោក Apisit Im Amphai ហើយលោកបានដឹកនាំក្រុមសម្រេចលទ្ធផលដ៏ល្អ ជាក់ស្ដែង ៨ប្រកួតចុងក្រោយនៅជើងទី១ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិខ្មែររូបនេះ លោកបានជួយបឹងកេត រក្សាកំណត់ត្រាមិនស្គាល់ចាញ់ និងបានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣២ពិន្ទុ។ លើសពីនេះ លោក គឹម ភក្ដី ក៏ទទួលបានពានរង្វាន់គ្រូបង្វឹល្អជាងគេប្រចាំខែកក្កដាពី CNCC ទៀតផង៕