(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាសថា អ្នកគាំទ្រជាជនបរទេស ដែលចង់ទៅចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Russian Grand Prix ក្នុងក្របខណ្ឌ Formula One ដែលនឹងធ្វើឡើងនៅខែក្រោយនោះ នឹងទទួលបានការផ្តល់ជូនទិដ្ឋាការ (វីសា) ដោយឥតគិតថ្លៃ និងបានចូលប្រទេសរុស្ស៊ីដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ព្រឹត្តិការណ៍ F1 នៅសល់រយៈពេល៤សប្តាហ៍ទៀតចាប់ផ្តេីម ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រុស្ស៊ីបានបញ្ជាក់ជាថ្មីថា រាល់ការប្រុងប្រយ័ត្នលើការឆ្លងរាតត្បាតពីវីរ៉ុស COVID-19 នឹងត្រូវបានអនុវត្តដដែល។

ការប្រណាំងរថយន្តកម្រិតពិភពលោកនេះ នឹងធ្វើឡើងនៅទីក្រុង Sochi ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខ។

គួររំលឹកថា រុស្ស៊ីបានប្រកាសកាលពីខែកក្កដាថា ខ្លួននឹងអនុញ្ញាតឲ្យមានអ្នកទស្សនាចូលរួមនៅក្នុងព្រឹត្តិការណ៍ Formula One ប្រចាំឆ្នាំនេះ។

រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុតនៅទូទាំងពិភពលោក ដោយសារការរីករាលដាលនៃវីរ៉ុស COVID-19 ដែលគិតមកទល់ពេលនេះ មានករណីឆ្លងចំនួន៩៦៨,២៩៧ករណី ក្នុងនោះ១៦,៦៣៨បានស្លាប់៕