(ភ្នំពេញ)៖ នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងសម្រស់ និងសមត្ថភាព «Miss Grand Cambodia» ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ ដោយផលិតកម្មមហាហង្ស ត្រូវបានមហាជនសង្កេតឃើញថា មានបេក្ខនារីជាច្រើនរូប មកពីបណ្តារាជធានីខេត្តនានាទូទាំងប្រទេសកម្ពុជា ចូលរួមបង្ហាញសមត្ថភាព និងសម្រស់។

ក្រោយការប្រកួត ស្រាប់តែមានបេក្ខនារីមួយរូប ឈ្មោះ លីវ ជីលី រងការរិះគន់យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គមថា នាងបានកែសម្ផស្សសុដន់ ហើយឡើងទៅប្រឡង ព្រោះតែមើលទៅខុសប្លែកពីធម្មជាតិ ពេលកំពុងដើរបង្ហាញសម្រស់លើឆាក។ យ៉ាងណាមិញ ពេលនេះសាមីខ្លួនផ្ទាល់បានចេញមកបកស្រាយ ដោយបដិសេដថា សុដន់របស់នាងមិនមែនកែដូចគេរិះគន់នោះទេ ពោលគឺធម្មជាតិសុទ្ធសាធ។

តាមរយៈវីដេអូបកស្រាយដែល Fresh News Plus ទទួលបាន កញ្ញា លីវ ជីលី ដែលជាបេក្ខនារីពាក់ស្លាកលេខ២៦ បាននិយាយថា ដងខ្លួនរបស់នាងពីចុងសក់ ដល់ចុងជើង គឺម្តាយឪពុករបស់នាងជាអ្នកចែកឲ្យទាំងអស់រាងរៅ មុខមាត់ ច្រមុះ ដើមទ្រូង និកម្ពស់ជាដើម និយាយរួមទៅ គឺ​សម្រស់របស់នាងបានមួយចប់តែម្តង ហើយគ្មានហេតុផងណាដែលនាងត្រូវទៅកែកុនពីលើសម្រស់ពីធម្មជាតិ ដែលមានស្រាប់នោះឡើយ ព្រោះតែនាងពេញចិត្តនូវអ្វីដែលនាងមាន ជាពិសេសរូបសម្រស់ម្តាយឪពុកចែកឲ្យ។

ស្រីស្រស់ លីវ ជីលី បាននិយាយថា «មានអ្នកខ្លះគេសួរខ្ញុំថា ដោះអូនឯងធ្វើមែន? ដោះអូនឯងស៊ីលីកូនមែន តិចដើរទៅផ្ទុះចេញមកទៅ? អួយ... Original (ធម្មជាតិ) សុទ្ធនែ៎ក គ្មានរឿងអីត្រូវផ្ទុះទេបងប្អូន...​ ព្រោះខ្ញុំជាមនុស្សធម្មជាតិ មើលតែសម្បុរខ្ញុំខ្មៅអ៊ីចឹង មានលុយឯណាទៅកែសម្ផស្សអីដូចគេហ្ម៎ ហើយបើខ្ញុំកែក៏អត់ទៅខាងហ្នឹងដែរចា៎ របៀបថា ខ្ញុំចូលចិត្តរបស់អ្វីដែលធម្មជាតិ...»

តាមរយៈការចេញមុខបកស្រាយនេះ​ បេក្ខនារីរាងខ្ពស់ស្រឡះ លីវ ជីលី បានសង្កតធ្ងន់បន្ថែមថា អ្នកដែលយកវីដេអូនាងកំពុងដើរបង្ហាញសមត្ថភាពលើឆាក «Miss Grand Cambodia» ហើយយកទៅ Troll ឬរិះគន់នោះ គឺគ្រាន់តែចង់បានអ្នក Like ផេកច្រើនប៉ុណ្ណោះ ព្រោះនេះអាចរកចំណូលដល់គេ។ ទោះជាយ៉ាងនេះក្តី នាងមិនប្រកាន់ទោសអូសដំណើរអ្វីទេ ពោលគឺរីករាយជានិច្ច ព្រោះគិតថាមិនអាចហាមឃាត់ការសម្រេចចិត្តរបស់គេបានឡើយ។ នាងថា នេះក៏មានមោទនភាពមួយផងដែរ ដែលផេកហ្វេសប៊ុករបស់បុគ្គលទាំងនោះមានគេ Like ច្រើនដោយសារវីដេអូរបស់នាង។

គួរជម្រាបថា កញ្ញា លីវ ជីលី បានឆ្លងកាត់ការប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី «Miss Grand Cambodia» ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រគេមិនទាន់ដឹងថា នាងទទួលបានជយលាភីឬយ៉ាងណាទេ ខណៈវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវបា្ររព្ធឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខាងមុខនេះ។ ​បេក្ខនារីដែលទទួលជ័យលាភីលេខ១ នឹងត្រូវតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី «Miss Grand International» ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា៕