(ក្រុងឡុងដ៍)៖ Jamie Vardy ដែលជា Top scorer នៅក្របខណ្ឌ Premier League រដូវកាលមុន បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយក្លិបកញ្ជ្រោងខៀវ Leicester City ពោលគឺនឹងផុតកំណត់នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា កិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំទៀតនេះត្រូវបានធ្វើឡើងបន្ថែមលើកិច្ចសន្យានៅសល់ ២ឆ្នាំនាកីឡដ្ឋាន King Power បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេស Vardy ទើបតែឈ្នះស្បែកជើងមាសពីការស៊ុតបាន ២៣គ្រាប់ច្រើនជាងគេនៅ PL នារដូវកាលឆ្នាំ២០១៩-២០២០ នេះ។

កិច្ចសន្យាថ្មីនេះដែរ នឹងធ្វើឲ្យ Jamier Vardy នឹងចំណាយពេលឲ្យក្លិប Foxes កើនរយៈពេល ១១ឆ្នាំ គិតចាប់តាំងពីចូលរួមជាមួយ Leicester City ក្នុងឆ្នាំ២០១២ និងជួយក្លិបនេះឈ្នះជើងឯក Premier League បាន ១ដងផងដែរកាលឆ្នាំ២០១៦ នៅពេលរូបគេរកបាន ២៤គ្រាប់ក្នុងឆ្នាំនោះដែរ។

Vardy រកបាន ១៣០គ្រាប់ពីការចូលលេងបាន ៣១០ប្រកួតក្នុងរយៈពេល ៨ឆ្នាំមកនេះជាមួយក្លិប Leicester City ជាមួយនឹងការជួយក្លិបកញ្ជ្រោងខៀវមួយបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ នៅ Premier League នារដូវកាលមុន ដែលទទួលបានកៅអីលេងពាន UEFA Europa League វគ្គចែកពូលដោយស្វ័យប្រវត្តិផងដែរ៕