(បរទេស)៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦១ ប្រធានាធិបតីអាមេរិកដែលទើបឡើងកាន់អំណាចរបស់សហរដ្ឋអាមេរិក គឺលោក John F. Kennedy បានថ្លែងក្នុងសភាអាមេរិកយ៉ាងដូច្នេះថា «ប្រទេសនេះគួរតែប្តេជ្ញាសម្រេចបាននូវគោលដៅ នៃការបញ្ជូនមនុស្សឲ្យទៅជាន់លើឋានព្រះច័ន្ទ ហើយនាំយកពួកគេត្រឡប់មកកាន់ផែនដីវិញដោយសុវត្ថិភាព ឲ្យបានមុនដំណាច់ទសវត្សរ៍នេះ»

នៅពេលអវកាសយានិកអាមេរិកពីររូបគឺលោក នាល អាមស្រ្តង (Neil Armstrong) និងលោក បាស អាល់ឌ្រីន (Buzz Aldrin) បានឈានជើងជាន់លើដីពណ៌ប្រផេះរបស់ព្រះច័ន្ទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ គោលដៅរបស់លោក Kennedy ត្រូវសម្រេចបានពាក់កណ្តាល។ នាខណៈនោះ គោលដៅពាក់កណ្តាលទៀតរបស់លោក Kennedy គឺការនាំយកពួកគេត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព នៅមិនទាន់ សម្រេចបាននៅឡើយទេ បើទោះបីជាលោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកថ្មី បានហៅទូរស័ព្ទទៅអបអរសាទរដល់អវកាសយានិកទាំងពីររូបក៏ដោយ។

សម្រាប់បេសកកម្ម Apollo 11 ក្រុមអ្នកវិទ្យាសាស្រ្តនិងវិស្វកររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានដឹងច្បាស់ថា ចំណុចគ្រោះថ្នាក់បំផុតនៃបេសកកម្មនេះ គឺមិនមែនជាការចុះចតនៅលើផ្ទៃព្រះច័ន្ទនោះទេ ប៉ុន្តែជាការចាកចេញឡើងមកវិញ។ បញ្ហាគាំងកូដប្រព័ន្ធកុំព្យូទ័រ ឬម៉ាស៉ីនយានចុះចត Lunar Module ដែលលោក Armstrong និង លោក Aldrin ជិះចុះទៅផ្ទៃព្រះច័ន្ទ មិនអាចបញ្ឆេះដើម្បីឡើងមកវិញបាន ឬឡើងមក ដល់ហើយតែមិនអាចតភ្ជាប់ជាមួយយានបញ្ជាការ Command Module ដែលស្ថិតក្រោមការបញ្ជារបស់លោក ម៉ៃឃើល ខូលីន (Michael Collins) ដើម្បីធ្វើដំណើរឆ្ពោះត្រឡប់មកផែនដីវិញបាននោះ លោក Armstrong និង លោក Aldrin អាចត្រូវជាប់គាំងនៅលើផ្ទៃព្រះច័ន្ទ ឬក៏តែលតោលនៅគន្លងអវកាសរបស់ព្រះច័ន្ទ ដោយគ្មានលទ្ធផលភាពនៃការជួយសង្រ្គោះឡើយ។

មិនយូរប៉ុន្មានមុនការចាប់ផ្តើមបេសកកម្ម Apollo 11 សេតវិមានអាមេរិកក៏បានរៀបចំផែនការត្រៀមសម្រាប់ករណីដែលបេសកកម្មនេះទទួលបរាជ័យ ។ ផែនការនោះបានកំណត់ថា ប្រសិនលោក Neil Armstrong និងលោក Buzz Aldrin ត្រូវជាប់គាំងនៅឋានព្រះច័ន្ទ ដោយគ្មានផ្លូវអាចវិលត្រឡប់មកវិញបាន ប្រធានាធិបតី Nixon នឹងហៅទូរស័ព្ទទៅកាន់ភរិយារបស់អ្នកទាំងពីរ។ បន្ទាប់មក លោក Nixon នឹងថ្លែងសារទៅកាន់ប្រជាជាតិ ហើយអាននូវសុន្ទរកថាមួយ។

ខ្លឹមសារខ្លះៗនៃសុន្ទរកថានោះរួមមានដូចតទៅ «ព្រហ្មលិខិតបានកំណត់ថា ក្រុមអវកាសយានិកដែលបានទៅដល់លើផ្ទៃព្រះច័ន្ទ ដើម្បីធ្វើការរុករកនោះ នឹងត្រូវស្ថិតនៅលើផ្ទៃព្រះច័ន្ទរហូតដល់ទីបញ្ចប់។ អវកាសយានិកហានក្លាទាំងនោះ គឺលោក Neil Armstrong និង Buzz Aldrin ដឹងថា អ្នកទាំងពីរនឹងមិនអាចត្រូវជួយសង្រ្គោះបានមកវិញឡើយ ប៉ុន្តែពួកគេក៏ដឹងដែរថា ក្នុងការពលីជីវិតរបស់ខ្លួនគឺមានក្តីសង្ឃឹមសម្រាប់មនុស្សលោកយើងទាំងមូល»

សុន្ទរកថាខាងលើបានបន្តថា «ពួកគេនឹងត្រូវកាន់ទុក្ខដោយក្រុមគ្រួសារ ដោយមិត្តភក្តិ ដោយប្រទេសរបស់ពួកគេ និងដោយមនុស្សនៅទូទាំងពិភពលោក។ ក្នុងបេសកកម្មនេះ ពួកគេបានជំរុញឲ្យមនុស្សនៅជុំវិញពិភពលោក មានអារម្មណ៍សាមគ្គីតែមួយ ហើយការពលីរបស់ពួកគេធ្វើឲ្យចំណងនៃភាពជាបងប្អូនរវាងមនុស្សលោកយើង គឺកាន់តែខ្លាំងក្លារឹងមាំថែមទៀត។ នៅពេលយើងក្រឡេកទៅឃើញព្រះច័ន្ទ ពួកយើងនឹងនឹកឃើញ នឹងចងចាំវីរៈបុរសទាំងពីរជានិច្ច»

គួរជម្រាបថា ក្នុងករណីលោក Armstrong និង លោក Aldrin មិនអាចត្រឡប់មកវិញបាន NASA បានគ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយអវកាសយានិកទាំងពីររូប ដោយទុកឲ្យពួកគេអស់ខ្យល់អុកស៉ីហ្សែនប្រើប្រាស់ ឬក៏ធ្វើអត្តឃាតខ្លួនឯង។ យ៉ាងណាមិញ ជាសំណាងដ៏ល្អ គឺសុន្ទរកថាខាងលើមិនចាំបាច់ត្រូវបានប្រើប្រាស់ឡើយ ដោយសារក្រុមអវកាសយានិកនៃបេសកកម្ម Apollo 11 បានត្រឡប់មកកាន់ផែនដីវិញ ដោយសុវត្ថិភាព។

ដំបូងឡើយមានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលបានដឹងអំពីគម្រោងត្រៀមសម្រាប់ភាពបរាជ័យនៃបេសកកម្ម Apollo 11 រហូតទាល់តែវាបានទម្លាយជាសាធារណៈកាលពីឆ្នាំ១៩៩៩ ក្នុងឱកាសខួប៣០ឆ្នាំនៃបេសកកម្មនេះ៕