(សៀមរាប)៖ ក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យ ១០មករា១៩៧៩ និងក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលសម្រាប់សាលារៀន ក្នុងគោលបំណង បើកកិច្ចសហប្រតិបត្តិការ រយៈពេលវែងក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រព័ន្ធអប់រំឌីជីថល ជាពិសេសក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SIS) ប្រព័ន្ធ e-Learning និង e-Book និងមិនកំណត់លើការប្រើប្រាស់ដំណោះស្រាយសេវាឌីជីថលផ្សេងៗទៀតឡើយ។

សម្រាប់សកម្មភាពនេះ គឺជាវឌ្ឍនភាពមួយដែលមិត្តហ្វូន បាននឹងកំពុងអនុវត្តប្រព័ន្ធអប់រំសម្រាប់សាលារៀនជាង ៣,០០០កន្លែងនៅទូទាំងប្រទេស ដែលក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា និងមានការបណ្តុះបណ្តាល សិក្ខាសាលាអំពីប្រព័ន្ធថ្មីនេះសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងសាលារៀននេះផងដែរ។

ចំពោះ ប្រព័ន្ធ SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ដ៏លេចធ្លោរបស់មិត្តហ្វូន នៅក្នុងវិស័យអប់រំ ដែលត្រូវបានដាក់សាកល្បងនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពតាខ្មៅ ខេត្តកណ្តាលមុនគេ និងបានបន្តអនុវត្តនៅខេត្តសៀមរាបសម្រាប់វិទ្យាល័យ ១០ មករា ១៩៧៩។ ប្រព័ន្ធ SIS អនុញ្ញាតឲ្យគ្រូបង្រៀនទាំងអស់មើល និងបញ្ចូលវត្តមាន ឬអវត្តមាន របស់សិស្ស និងសម្គាល់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន។

បន្ថែមពីនេះទៅទៀតវាអាចគ្រប់គ្រងពេលវេលា, ផ្តល់ពិន្ទុសម្រាប់ការប្រលង គ្រប់គ្រងថ្នាក់រៀន មើលនិងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ជាពិសេសអាចផ្ញើ និងទទួលការជូនដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេ។ នៅផ្នែកផ្សេងទៀត សិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ តម្លៃសេវាផ្សេងៗ ឬកាលបរិច្ឆេទប្រឡង។ អាណាព្យាបាលអាចតាមដានកូនៗរបស់ពួកគេគ្រប់ពេលវេលា គ្រប់ទីកន្លែង ទទួលបានការជូនដំណឹងពីគ្រូ ហើយបញ្ជូនតម្រូវការផ្សេងៗទៅសាលារៀន។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានប្រតិបត្តិការតាមអ៊ិនធឺណិត ដោយស្មាតហ្វូន ឬកុំព្យូទ័រ តាមមធ្យោបាយដ៏ងាយស្រួលបំផុត។

លោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានឲ្យដឹងថា «នៅក្រុមហ៊ុនមិត្តហ្វូនយើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងតែងតែប្រកាន់ខ្ជាប់នូវការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ លើសកម្មភាពទំនួលខុសត្រូវសង្គម។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំយុវជន និងកីឡា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩»

លោកបន្តថា មិត្តហ្វូនមានមោទនភាពដែលក្រសួងអប់រំ បានជ្រើសរើសធ្វើជាដៃគូក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលានេះនៅវិទ្យាល័យ ១០ មករា ១៩៧៩ និងនៅតាមសាលារៀនដទៃទៀតក្នុងប្រទេសកម្ពុជា។ នេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មិនត្រឹមតែរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្ដហ្វូនប៉ុណ្ណោះទេ តែថែមទាំងសហការរវាងមន្ទីរអប់រំ១០០ភាគរយ សាលារៀនទូទាំង ២៥ខេត្ត-ក្រុង និងសាខាមិត្តហ្វូនទូទាំងប្រទេស។

លោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ក៏បានចែករំលែកក្តីរំពឹងទុករបស់លោកលើគម្រោងនេះថា «ជាមួយនឹងបទពិសោធន៍របស់មិត្តហ្វូន លើការដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលនាពេលថ្មីៗនេះ យើងរំពឹងថាប្រព័ន្ធនេះនឹងផ្លាស់ប្តូរទំលាប់ធ្វើការរបស់យើងទាំងស្រុង។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងទិន្នន័យសិស្ស នឹងកាន់តែមានភាពងាយស្រួលក្នុងការចូលទៅត្រួតពិនិត្យ មិនថាអវត្តមាន ការរៀបចំកាលវិភាគ ការដាក់ពិន្ទុជាដើម ហើយអាណាព្យាបាលក៏អាចតាមដានការអប់រំកូនៗ របស់ពួកគេតាមរយៈសារជូនដំណឹងតាមទូរស័ព្ទចល័តផងដែរ»