(ភ្នំពេញ)៖ ពិតណាស់បទចម្រៀង «ជាប់រវល់» ច្រៀងដោយតារាសំឡេងស្អក លោក សាន ផានិត បានបញ្ចេញអស់រយៈពេលជិត២០ឆ្នាំមកហើយ ពោលតាំងពីអំឡុងឆ្នាំ២០០៣ មកម្ល៉េះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីសម័យនោះ។ យ៉ាងណាមិញ ហូតមកទល់នឹងបច្ចុប្បន្ន គេសង្កេតឃើញថានៅតែមានទស្សនិកជននិយមស្តាប់បទនេះច្រើនដដែល រហូតល្បីក្នុងបណ្តាញសង្គម Tik Tok ផងដែរ។ ដោយមូលហេតុនេះ ដើម្បីឲ្យទស្សនិកជនប្លែកអារម្មណ៍ ពេលនេះលោក សាន ផានិត បានបញ្ចេញបទនេះជាថ្មី ក្នុង Version ជាភាសាអង់គ្លេស ក្រោមចំណងជើងថា «Busy»។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ តារាចម្រៀងចាស់វស្សា សាន ផានិត បានឲ្យដឹងថា បទ «ជាប់រវល់» ជាភាសាខ្មែរ គឺត្រូវបានបញ្ចេញជាលើកដំបូង តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ រហូតមកទល់បច្ចុប្បន្នសង្កេតឃើញថា នៅតែមានការនិយមស្តាប់ពីមិត្តអ្នកគាំទ្រ ជាពិសេសរាល់កម្មវិធីជួបជុំគ្នា លោកសង្កេតឃើញថា តែងតែមានបងប្អូនខ្មែរលើកបទនេះមកច្រៀងកំសាន្ត ពោលគឺហាក់បីដូចជាស្ថិតក្នុងក្រអៅបេះដូង អ្នកស្តាប់ដដែល។

លោកបន្តថា បទ «ជាប់រវល» ជាភាសាខ្មែរ គឺត្រូវបានអ្នកលេង Tik Tok យកទៅច្រៀងនិងធ្វើវីដេអូខ្លីៗច្រើន ទើបជំរុញទឹកចិត្តឲ្យលោកធ្វើបទនេះម្តងទៀត ជាភាសាអង់គ្លេស ដើម្បីឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ ជាមួយរសជាតិថ្មី ជាភាសាអង់គ្លេស។ ម្យ៉ាងពេលទំនេររូបលោកផ្ទាល់តែងតែច្រៀងបទ «ជាប់រវល់» ជាភាសាអង់គ្លេសលេងៗ ហើយនឹកគិតទៅដូចទំនងក៏ធ្វើបទនេះចេញជា Version អង់គ្លេស ក្រោមចំណងជើងថា «Busy» តែម្តង។

ចង់ដឹងថាបទ «Busy» របស់ សាន ផានិត ប្លែកអារម្មណ៍យ៉ាងណា សូមរីករាយសណ្តាប់ខាងក្រោម៖