(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ប៊ុនធឿន ប៊ុនណារ៉ុង បានសម្រេចបំណងរកគ្រាប់បាល់លើកដំបូងឲ្យក្រុមថ្មីរបស់ខ្លួនបានហើយ គឺក្រុមវិសាខា ហើយថែមទាំងធ្វើបាន Hat-Trick (៣គ្រាប់ម្នាក់ឯង) ជួយក្រុមធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ (វគ្គ១/៤) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ ទៀតផង។

ការរកបានគ្រាប់បាល់ និងធ្វើបាន Hat-Trick លើកដំបូងរបស់អតីតយុវជនសាលាបាល់ទាត់ជាតិបាទីនេះ ស្របពេលក្រុមវិសាខាបានយកឈ្នះខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៤-១ នៃជំនួបកាត់សេចក្ដីនៅទីលានវិទ្យាល័យព្រះសីហនុកាលពីម្សិលមិញ។ ចំណែកគ្រាប់បាល់ជ័យជម្នះ ១គ្រាប់ទៀតរបស់ក្រុមវិសាខា រកបានដោយកីឡាករ ទិត្យ ឌីណា។

សរុបលទ្ធផលការប្រកួតទាំង ២ជើង វិសាខាបានយកឈ្នះខេត្តត្បូងឃ្មុំដោយលទ្ធផល ១៣-១ ដើម្បីបន្ដដំណើរឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ពោលគឺត្រូវជួបក្រុមខ្លាំងបឹងកេត ដែលកំពុងឈរចាំស្រាប់។ ចំពោះជំនួបជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយរវាងបឹងកេត និងវិសាខា គ្រោងប្រកួតនាថ្ងៃទី៣០ ខែសីហាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។

សូមរំឭកថា ប៊ុនធឿន ប៊ុនណារ៉ុង បានផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកវិសាខាកាលពីដើមរដូវកាលកន្លងទៅ តែមិនបានលេងភ្លាមៗនោះទេ ដោយសារបញ្ហារបួសជង្គង់ អំឡុងពេលប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅវៀតណាម។ មកទល់ពេលនេះ គេទើបបានបង្ហាញខ្លួន ២ប្រកួតប៉ុណ្ណោះ ពោលគឺការប្រកួតជើងទី១ និងជើងទី២ ជាមួយខេត្តត្បូងឃ្មុំ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ៕