(ក្រុងឡុងដ៍)៖ ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេងអង់គ្លេស Ben Chilwell ពី Leicester City ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំក្នុងតម្លៃ ៤៥លានផោន។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រ BBC នៅថ្ងៃនេះ។

Chilwell គឺជាកីឡាករទី៣ ដែល Chelsea ទិញបាននៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើស្លាប Hakim Ziyech អាយុ ២៧ឆ្នាំពី Ajax និងខ្សែប្រយុទ្ធ Timo Werner វ័យ ២៤ឆ្នាំមកពី RB Leipzig។

ខ្សែការពារដែលមានវ័យ ២៣ឆ្នាំគឺជាកីឡាករសំខាន់មួយរូបរបស់ Leicester ដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបនេះតាំងពីឆ្នាំ២០១៥ និងមានកិច្ចសន្យាជាមួយ Foxes រហូតដល់ឆ្នាំ២០២៤ ផងដែរ។

Chilwell បានខកខានការប្រកួត ៥លើកចុងក្រោយនៃរដូវកាលឆ្នាំ២០១៩-២០២០ ដោយសារមានបញ្ហារបួសប្រអប់ជើង។

ក្រុមតោខៀវ Chelsea បានឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុង Premier League រដូវកាលមុន និងដណ្តើមបានកៅអីពាន Champions League សម្រាប់រដូវកាលថ្មីផងដែរ។

Ben Chilwell ដែលមានវត្តមានក្នុងជម្រេីស ១១នាក់ដំបូងនៃក្រុមជម្រេីសជាតិអង់គ្លេសផងនោះបាននិយាយថា ខ្ញុំទន្ទឹងរង់ចាំធ្វើជាផ្នែកមួយនៃក្រុមយុវជនដែលមានថាមពលខ្លាំងក្លាដឹកនាំដោយ Frank Lampard នៅពេលយើងប្រជែងគ្នាដើម្បីឈ្នះពាននារដូវកាលក្រោយ៕