(ពិភពលោក)៖ គិតត្រឹមខែសីហា ឆ្នាំ២០២០ លោក ប៊ីល ហ្គេតស៍ (Bill Gates) មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ១១៤ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ ធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីលោក Jeff Bezos (គិតត្រឹមខែសីហា ឆ្នាំ២០២០ មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ១៩៦ពាន់លានដុល្លារអាមេរិក)។ តើអ្នកដឹងទេថា លោក ប៊ីល ហ្គេតស៍ មានទម្លាប់យ៉ាងដូច្នេះម្តេចខ្លះ?

ប៊ីល ហ្គេស៍ កើតនៅឆ្នាំ១៩៥៥ គឺជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជាមួយលោក ភូល អាឡែន (Paul Allen) ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៧៥។ បន្ទាប់ពីលាឈប់ពីក្រុមហ៊ុន Microsoft នៅឆ្នាំ២០០៦ ប៊ីល ហ្គេតស៍ បានបង្កើតមូលនិធិមួយឈ្មោះថា Bill & Melinda Gates Foundation ដែលមូលនិធិនេះ បរិច្ចាគថវិកាជួយទៅកាន់អង្គការទាំងឡាយណា ដែលធ្វើការស្រាវជ្រាវ និងការងារមនុស្សធម៌។

បន្ថែមលើនេះដែរ បន្ទាប់ពីឈប់កាន់តំណែងជាក្រុមប្រឹក្សាភិបាល ក្នុងក្រុមហ៊ុន Microsoft នៅឆ្នាំ២០១៩ ប៊ីល ហ្គេតស៍ បានធ្វើសកម្មភាពផ្តោតលើការងារមនុស្សធម៌ កាន់តែខ្លាំងឡើងៗ។ ស្របពេលជាមួយគ្នានេះ លោកតែងតែជួបជាមួយអ្នកជំនាញជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ ហើយក៏និយាយអំពីគោលនយោបាយសាធារណៈ អំឡុងពេលមានជំងឺកូវីដ១៩ ផងដែរ។

Fresh News Plus សូមចែករំលែកចំណេះដឹងស្តីពីទម្លាប់ខ្លះៗ របស់មហាសេដ្ឋីរូបនេះ ដូចខាងក្រោម៖

* មិនទម្លាប់ហូបអាហារពេលព្រឹក

ដូចដែលយើងដឹងហើយថា អាហារពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាព ប៉ុន្តែមានអ្នកខ្លះមិនមានទម្លាប់ហូបអាហារពេលព្រឹកឡើយ។ ជាក់ស្តែង លោក ប៊ីល ហ្គេតស៍ ក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ ប៉ុន្តែពេលខ្លះគាត់ហូបសម្រន់សម្រាប់អាហារពេលព្រឹក ហើយពេលខ្លះមិនហូបតែម្តង។

បើសិនជាគាត់ហូបអាហារពេលព្រឹក ប៊ីល ហ្គេតស៍ ចូលចិត្តហូបគ្រាប់សូកូឡា Cocoa Puffs ប៉ុន្តែលោកស្រី មីឡីនដា ដែលជាប្រពន្ធរបស់គាត់ ធ្លាប់អះអាងប្រាប់ក្រុមបណ្តាញសារព័ត៌មានថា លោកជារឿយៗមិនហូបអាហារពេលព្រឹកឡើយ។

* ចូលចិត្តហាត់ប្រាណដោយប្រើម៉ាស៉ីនរត់

ការចំណាយពេលយ៉ាងហោចណាស់ ២០នាទី សម្រាប់ហាត់ប្រាណ គឺជារឿងល្អបំផុតសម្រាប់សុខភាព។ ជាមួយគ្នានេះឧបករណ៍សម្រាប់ហាត់ប្រាណ មានច្រើនប្រភេទណាស់ ហើយឧបករណ៍ហាត់ប្រាណ វាក៏អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់អ្នកហាត់ផងដែរ។

សម្រាប់ឧបករណ៍ហាត់ប្រាណ របស់មហាសេដ្ឋី ប៊ីល ហ្គេតស៍ គឺម៉ាស៉ីនរត់។ បើតាមប្រភពពី The New York Times បានឲ្យដឹងថា ត្រឡប់ទៅឆ្នាំ២០០៨វិញ ប៊ីល ហ្គេតស៍ ធ្លាប់ផ្តល់បទសម្ភាសថា បន្ទាប់ពីក្រោកពីដំណេក លោកតែងតែហាត់ប្រាណដោយប្រើម៉ាស៉ីនរត់នេះជានិច្ច។

* ចូលចិត្តលេងថេននីស (Tennis)

ពេលនិយាយពីវិស័យកីឡា បាល់ទាត់ មានភាពល្បីល្បាញបំផុតលើពិភពលោកយើងនេះ។ ប៉ុន្តែសម្រាប់កីឡាដែលលោក ប៊ីល ហ្គេតស៍ ចូលចិត្តនោះគឺ ការលេងកីឡាវាយថេននីស។

* ចូលចិត្តអានព័ត៌មាន

ប៊ីល ហ្គេតស៍ ជាបុគ្គលម្នាក់ដែលត្រូវបានគេកត់សម្គាល់ថា ជាមនុស្សចូលចិត្តតាមដានព័ត៌មានបំផុត។ ជាទូទៅលោកអានព័ត៌មានពីអង្គភាពព័ត៌មានល្បីៗ មួយចំនួនរួមមាន The New York Times, The Wall Street Journal និង The Economist ។

ប៊ីល ហ្គេតស៍ មិនត្រឹមតែជាមនុស្សចូលចិត្តអានព័ត៌មានទេ ប៉ុន្តែក៏ជាមនុស្សដែលចូលចិត្តចែករំលែកព័ត៌មានផងដែរ។ ព័ត៌មានជាច្រើនចុះផ្សាយពីគាត់ថា លោកជាមនុស្សម្នាក់ដែលទាន់សម័យខាងផ្នែកព័ត៌មាន និងជាពិសេសលើគោលនយោបាយសុខភាពសាធារណៈ។ ពេលណាក៏ដោយ ឲ្យតែគាត់ទំនេរ លោកតែងតែចែករំលែកគំនិតរបស់គាត់ លើប្លក (Blog) ឬក៏ធ្វីតធើ (Twitter) ជាប្រចាំជានិច្ច។

* ជាមនុស្សស្រឡាញ់ពេលវេលា

នៅក្នុងប្រវត្តិសាស្ត្រ ភាគច្រើនគេអះអាងថា ស៉ីហ្គម៉ុន ហ្វ្រូដ (Sigmund Freud, អ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ១៩៣៩) ជាមនុស្សដែលគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់គាត់មិនចង់ចំណាយពេលដុសធ្មេញ។ ទោះយ៉ាងនេះក្តី ប៊ីល ហ្គេតស៍ ជាមនុស្សស្រឡាញ់ពេលវេលា ដូចអ្នកប្រាជ្ញខាងលើដែរ។

បើតាមប្រភពព័ត៌មានពី The Telegraph កាលវិភាគប្រចាំថ្ងៃរបស់ ប៊ីល ហ្គេតស៍ ត្រូវបានកំណត់ចេញជា ៥ចំណែកខុសៗគ្នា។ គ្រប់ពេលវេលារបស់គាត់ ត្រូវបានគ្រោងទុក និងអនុវត្តន៍យ៉ាងប្រុងប្រយ័ត្នបំផុត។

* ចូលចិត្តហូបសាំងវ៉ិចធ្វើជាអាហារថ្ងៃត្រង់

យើងធ្លាប់ដឹងហើយថា លោក មហាធៀ ដែលជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី អះអាងថា បើចង់បានអាយុវែង គេមិនត្រូវហូបអាហារច្រើនពេកនោះទេ។ សម្រាប់លោក ប៊ីល ហ្គេតស៍ គឺជាមនុស្សម្នាក់ ដែលហូបអាហារថ្ងៃត្រង់មិនច្រើនឡើយ។

នៅពេលដល់ម៉ោងហូបអាហារថ្ងៃត្រង់ របស់ដែលលោក ប៊ីល ហ្គេតស៍ តែងតែញ៉ាំនោះ គឺសាំងវ៉ិច។ សាំងវ៉ិច ដែលគាត់ចូលចិត្តបំផុតនោះគឺ Cheeseburger ។

* ចូលចិត្តការអាន

គេតែងតែលឺពាក្យថា អានច្រើនកើនបញ្ញា ហើយមហាសេដ្ឋី ប៊ីល ហ្គេត ជាមនុស្សចូលចិត្តការអានមិនចេះស្កប់មិនចេះស្កល់ឡើយ និងជាពិសេសគាត់តែងតែកំណត់ពេលវេលាដាច់ដោយឡែក ដើម្បីអានសៀវភៅ ទោះបីជារវល់យ៉ាងណាក៏ដោយ។ គាត់ក៏បានណែនាំ សៀវភៅល្អៗ រាប់ពាន់សៀវភៅ នៅលើប្លករបស់គាត់ផងដែរ។

ប៊ីល ហ្គេតស៍ មានបណ្ណាល័យដ៏ធំផ្ទាល់ខ្លួនមួយ ហើយនៅក្នុងបន្ទប់របស់គាត់ មានសៀវភៅកម្រៗជាច្រើន រួមមានទាំងសៀវភៅ Codex Leicester របស់លោក Leonardo da Vinci អ្នកនិពន្ធដ៏ល្បីល្បាញកាលពីអតីតកាល។

* ចំណូលចិត្តពេលទំនេរ

ប្រសិនបើគាត់មិនធ្វើការ ឬអានសៀវភៅទេ ប៊ីល ហ្គេតស៍ ចំណាយពេលវេលានៅជាមួយកូនទាំង៣ របស់គាត់។ ខណៈពេលដែលចំណាយពេលវេលាជាមួយគ្រួសារ លោកតែងតែរកអ្វីសប្បាយៗ ហើយមានប្រយោជន៍ក្នុងការកែអផ្សុក។ បន្ថែមលើនេះ គាត់ក៏ចូលចិត្តលេងរៀបសន្លឹកបៀរ (សង់ស) នៅពេលចុងសប្តាហ៍ផងដែរ។

មុនចូលដំណេកពេលយប់ គាត់ចូលចិត្តធ្វើការងារផ្ទះ។ កាលពីឆ្នាំ២០១៤ គាត់ធ្លាប់ផ្តល់បទសម្ភាសដល់ Reddit ថា គាត់បោកខោអាវជារៀងរាល់យប់។ គាត់បញ្ជាក់ថា «អ្នកខ្លះ ធ្វើការងារផ្ទះដោយការស្ម័គ្រចិត្ត ប៉ុន្តែនេះជាការងារដែលខ្ញុំចូលចិត្តធ្វើ»

គាត់មានទម្លាប់គេងឲ្យបាន៧ម៉ោង ជារៀងរាល់យប់។ នៅពេលម៉ោងចូលចំណេកមកដល់ ប៊ីល ហ្គេតស៍ តែងតែធ្វើឲ្យប្រាកដក្នុងចិត្តថា អាចគេងបាន៧ម៉ោងយ៉ាងគ្រប់គ្រាន់ ដោយគ្មានអ្វីមករំខាន៕

ប្រភព៖ Business Insider សម្រួលអត្ថបទដោយ Fresh News Plus

ប៊ីល ហ្គេតស៍ និងភរិយា (មីឡីនដា)

ប៊ីល ហ្គេតស៍ លេងកីឡាថេននីស

ប៊ីល ហ្គេតស៍ និយាយពីគោលនយោបាយសុខភាពសាធារណៈ

Cheeseburger ជាអាហារថ្ងៃត្រង់ ដែលប៊ីល ហ្គេតស៍ ចូលចិត្តបំផុត

ពេលមានសៀវភៅណាល្អ គាត់តែងតែណែនាំឲ្យគេអានជានិច្ច

ប៊ីល ហ្គេតស៍ ចំណាយពេលជាមួយកូនស្រីគាត់

ល្បែងរៀបសន្លឹកបៀរ (សង់ស) ដែលប៊ីល ហ្គេតស៍ លេងជាមួយគ្រួសារពេលទំនេរ

ការងារផ្ទះ ជាការងារដែលប៊ីល ហ្គេតស៍ ចូលចិត្តធ្វើ