(បរទេស)៖ តារាសម្តែងល្បីឈ្មោះបោះសំឡេងក្នុងវិស័យហូលីវូដ លោក Tom Cruise ដែលមានវត្តមានក្នុងខ្សែភាពយន្តល្បីៗជាច្រើននោះ ថ្មីៗនេះបានបង្ហាញអារម្មណ៍ពិត ក្នុងន័យជំរុញទឹកចិត្ត ឲ្យមនុស្សម្នារងាកទៅចូលរួមទស្សនា ខ្សែភាពយន្តនៅតាមបណ្តារោងកុនវិញ បន្ទាប់ពីវិស័យមួយនេះ ត្រូវបានផ្អាកសកម្មភាពជាច្រើនខែ ដោយសារជំងឺកូវីដ១៩។ រហូតមកទល់បច្ចុប្បន្ន តំបន់មួយចំនួននៅសហរដ្ឋអាមេរិក ក៏មិនទាន់បើកដំណើរការរោងភាពយន្តឡើងវិញ ខណៈតំបន់ផ្សេងទៀត គឺអនុញ្ញាតបើកឡើងវិញបណ្តើរៗហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ជាក់ស្តែង តាមរយៈការបង្ហោះវីដេអូក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន, លោក Cruise បានបង្ហាញទៅកាន់អ្នកគាំទ្រ អំពីសកម្មភាពដែលលោកទៅចូលរួមក្នុងការបញ្ចាំងរឿង «Tenet» របស់ Christopher Nolan។ ក្នុងវីដេអូនោះ Cruise បាននិយាយថា លោកបានទៅដល់បរិវេណបញ្ចាំងរឿងហើយ នៅពេលនេះគឺអាចត្រឡប់មកទស្សនាខ្សែភាពយន្តបានវិញហើយ។

ទោះយ៉ាងណាក្តី ដោយសារកាលៈទេសៈនេះ សហរដ្ឋអាមេរិកកំពុងឈរនៅលំដាប់កំពូល មានអ្នកឆ្លងកូវីដ១៩ច្រើនលើលោក, Tom Cruise ត្រូវបានគេសង្កេតឃើញបានការពារខ្លួនជាប់ជានិច្ច តាមរយៈការពាក់ម៉ាស់តាំងពីដើម រហូតដល់ចប់ក្នុងវីដេអូរបស់លោក ដើម្បីបង្ការជំងឺកូវីដ១៩ ខណៈចុងបញ្ចប់នៃវីដេអូដែលលោកបង្ហោះ Cruise បាននិយាយ «អស្ចារ្យណាស់ ចំពោះការត្រឡប់មករោងភាពយន្តឡើងវិញ, អ្នកទាំងអស់គ្នា»។

គួរជម្រាបថា ងាកមកខ្សែភាពយន្តរបស់លោក Tom Cruise ឯណោះវិញ មានចំណងជើងថា «Top Gun: Maverick» ត្រូវបានពន្យាពេលការចាក់បញ្ចាំងជាបន្តបន្ទាប់ ដោយសារតែជំងឺកូវីដ១៩។ ខ្សែភាពយន្តបន្តពីរឿងដែលទទួលបានការគាំទ្រខ្លាំង នៅឆ្នាំ១៩៨៦នេះ ត្រូវបានពន្យាពេលម្តងជាពីរដង ខណៈដំបូងឡើងគ្រោងចាក់បញ្ចាំងនៅខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានលើកទៅខែកក្កដា ឆ្នាំ២០២១វិញ៕