(អាមេរិក)៖ ស្របពេលដែលពិភពលោកកំពុងតាមដានព័ត៌មានរបស់ TikTok ស្រាប់តែនៅពេលនេះ សារព័ត៌មាន Business Insider បានចេញផ្សាយនៅព័ត៌មានមួយទាក់ទងនឹងលោក Jack Dorsey និងលោក Mark Zuckerberg។

លោក Jack Dorsey បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់បណ្ដាញសង្គម Twitter ហើយក៏ជានាយកប្រតិបត្តិ Square ផងដែរ ខណៈដែលលោក Mark Zuckerberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook រួមទាំងជាម្ចាស់បណ្ដាញសង្គម Instagram។

តាមការសង្កេតកន្លងមក បុគ្គលល្បីឈ្មោះទាំងពីរនាក់នេះ ហាក់ដូចជាមិនមានទំនាក់ទំនងល្អជាមួយគ្នានោះទេ ហេតុដូច្នេះហើយទើបលោក Rich Kleiman ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក Jack Dorsey បានសួរសំណួរចាក់ដោតមួយនៅក្នុងកម្មវិធី «The Boardroom: Out of Office»។

ដំបូងឡើយលោក Kleiman បាន​សួរ​ដល់​ជំនួយ​ការ​របស់​ខ្លួន​អំពី​បណ្ដាញ​សង្គម​បី​ដែល​រូប​គេ​និយម​ប្រើ ហើយជំនួយការបានឆ្លើយថា គេប្រើ Instagram, Snapchat និង Twitter ស្របពេលជាមួយគ្នានោះ លោក Kleiman ក៏បានបក​ទៅ​សួរ​លោក Jack វិញនូវសំណួរដដែល រំពេចនោះលោក​បាន​ឆ្លើយ​ថា «ខ្ញុំ​គឺ​ផ្ទុយ​ពី​​ហ្នឹង​វិញ»

លោក Jack និយាយ​ថា «​ខ្ញុំ​មិន​ប្រើ​ Instagram នោះ​ទេ។ ខ្ញុំ​ស្រឡាញ់ Snapchat ព្រោះវាមានភាពច្នៃប្រឌិត ខ្ញុំ​គិត​ថាវាអស្ចារ្យ។ ខ្ញុំ​មិន​ប្រើ​ប្រាស់​ផលិតផល​ Facebook ច្រើន​នោះ​ទេ...និយាយ​រួមគឺអត់ប្រើតែម្ដង»

លឺដូចនេះលោក Kleiman បានសួរនូវសំណួរចាក់ដោតថា លោក Jack Dorsey និង Mark Zuckerberg មានទំនាស់នឹងគ្នា ឬមួយយ៉ាងណា? ពេលនោះ លោក Jack Dorsey បានឆ្លើយតបថា «ពួក​យើង​មាន​គំនិត​ខុស​គ្នា»

គេនៅចាំបានថា លោក Jack Dorsey និង លោក Kevin Systrom សហស្ថាបនិក និងជានាយកប្រតិបត្តិ Instagram គឺមនុស្សមានការរាប់អានគ្នាខ្លាំង ប៉ុន្តែទំនាក់ទំនងរវាងអ្នកទាំងពីរបានកាត់បន្ថយក្រោយពេល Facebook ទិញ Instagram ហើយក៏ជាពេលដែលលោក Jack Dorsey ឈប់ប្រើ Instagram ពីពេលនោះមកផងដែរ៕