(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ នឹងធ្វើការប្រកួតបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយ ដើម្បីកំណត់រកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយកូនពៅនាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ រវាងក្រុមវិសាខា ជាមួយក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ។

ការប្រកួតកាត់សេចក្ដីរកបេក្ខភាពបង្គ្រប់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅទីលានវិទ្យាល័យព្រះសីហនុ នាខេត្តកំពង់ចាម បន្ទាប់ពីជំនួបជើងទី១ រវាងក្រុមទាំងពីរ ត្រូវបានលើកពេល និងផ្លាស់ប្ដូរទីលាន ដ្បិតដំបូងការប្រកួត គ្រោងធ្វើនៅកីឡដ្ឋានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ តាំងពីថ្ងៃទី១៣ ខែសីហាម៉្លេះ។

ប៉ុន្ដែដោយជំនួបជើងទី១ ត្រូវបានលើកមកប្រកួតថ្ងៃនេះ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា(CNCC) ក៏បានអនុញ្ញាតឲ្យក្រុមទាំងពីរ ធ្វើការប្រកួតជើងទី២ រួចហើយ ពោលគឺវិសាខាបានបើកទ្វារផ្ទះទទួលខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី១៩ ខែសីហា ដោយទទួលបានជ័យជម្នះក្នុងដី ដោយលទ្ធផល ៩-០។

ដូច្នេះភាគរយខ្ពស់ គឺវិសាខាបានកំពុងមានប្រៀបលើក្រុមជើងឯករងពានថ្នាក់ខេត្ត ក្នុងការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ ។ បើសិនវិសាខា រក្សាលទ្ធផលល្អក្នុងការប្រកួតថ្ងៃនេះ ពួកគេនឹងត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯកបឹងកេត ដែលកំពុងឈរចាំស្រាប់ បន្ទាប់ពីបឹងកេត យកឈ្នះខេត្តសៀមរាប ១៨-០ ឯណោះ៕