(ពិភពលោក)៖ ដូចដែលយើងដឹងហើយថា លោក ជេហ្វ បេហ្សស (Jeff Bezos) គឺជានាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុនយក្ស Amazon មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ១៩៦ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែសីហា ឆ្នាំ២០២០)។

សហគ្រិនដែលបានកើតនៅឆ្នាំ១៩៦៤ រូបនេះ គឺជាមហាសេដ្ឋីលំដាប់ទី១ លើពិភពលោក ខណៈដែលលោក ប៊ីល ហ្គេតស៍ (Bill Gates) កើតនៅឆ្នាំ១៩៥៥ មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ១១៤ពាន់លានដុល្លារអាមេរិក ដែលចំនួននេះធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីលំដាប់ទី២ (គិតត្រឹមខែសីហា ឆ្នាំ២០២០ដូចគ្នា)។

ចុះបើនិយាយពីទម្លាប់ប្រចាំថ្ងៃវិញ តើមហាសេដ្ឋី ជេហ្វ បេហ្សស មានទម្លាប់ដូចម្តេចខ្លះ? Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីទម្លាប់ប្រចាំថ្ងៃរបស់លោក ដូចខាងក្រោមនេះ។

ជាធម្មតាមនុស្សភាគច្រើន តែងតែរកមធ្យោបាយដាស់ខ្លួនពីដំណេក ដោយប្រើម៉ោងរោទិ៍ ប៉ុន្តែលោក បេហ្សស ក្រោកពីដំណេកជារៀងរាល់ព្រឹកដោយធម្មជាតិ គឺមិនប្រើម៉ោងរោទិ៍ ដើម្បីដាស់គាត់ឡើយ។ គាត់ក៏ចូលចិត្តអានព័ត៌មាន និងហូបកាហ្វេផងដែរ។

មហាសេដ្ឋីវ័យក្មេងរូបនេះ ធ្លាប់និយាយក្នុងកម្មវិធីជួបជុំក្លឹបអ្នកសេដ្ឋកិច្ច របស់រដ្ឋវ៉ាស៉ីនតោន (Economic Club of Washington, DC) យ៉ាងដូច្នេះថា «ខ្ញុំចូលចិត្តអង្គុយលេងនៅពេលព្រឹក។ ដូច្នេះខ្ញុំអានព័ត៌មាន ហើយខ្ញុំក៏ចូលចិត្តហូបកាហ្វេដែរ»

បេហ្សស តែងតែចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃ ដោយការហូបអាហារពេលព្រឹក ជាមួយភរិយារបស់គាត់ គឺលោកស្រី Mac Kenzie ដែលជាអ្នកនិពន្ធប្រលោមលោក។ ប៉ុន្តែគួររំលឹកថា អ្នកទាំងពីរបានប្រកាសពីការលែងលះគ្នា កាលពីដើមខែមករា ឆ្នាំ២០១៩។

«ខ្ញុំចូលចិត្តហូបអាហារពេលព្រឹកជាមួយកូនៗ មុនពេលពួកគេចេញទៅសាលា»។ នេះបើតាម Business Insider ស្រង់ប្រភពព័ត៌មានពី Axios ។

បេហ្សស ត្រូវបានគេរាយការណ៍មកថា មិនដែលរៀបចំកាលវិភាគជួបជាមួយអ្នកដទៃ នៅពេលព្រឹកព្រលឹមឡើយ។ នេះក៏ព្រោះតែ លោកចង់ចំណាយពេលវេលា ឲ្យបានច្រើន និងមានប្រសិទ្ធភាពជាមួយគ្រួសារជាង។ ទោះជាយ៉ាងនេះក្តី គាត់ចូលចិត្តរៀបចំការប្រជុំធំៗ មុនពេលថ្ងៃត្រង់។

គាត់ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីរឿងសម្ងាត់គាត់ថា ពេលវេលាល្អបំផុតសម្រាប់គាត់ក្នុងការប្រជុំ គឺនៅម៉ោង១០ព្រឹក ព្រោះលោកគិតថា វេលានោះ IQ (ឬកម្រិតនៃភាពឆ្លាតវៃ) កើនឡើងខ្ពស់។ ការប្រជុំនៅម៉ោង ១០ព្រឹកនេះ គាត់ដាក់ឈ្មោះថា «High IQ meeting»។

បេហ្សស មិនចូលចិត្តការរៀបចំឲ្យមានការប្រជុំច្រើននោះទេ។ បើតាមប្រភពពី Business Insider បានឲ្យដឹងទៀតថា គាត់ជួបជាមួយអ្នកវិនិយោគ Amazon ត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។

ក្នុងការប្រជុំទៀតសោត គាត់មិនឲ្យមានគ្នាច្រើនពេកនោះទេ។ ការប្រជុំនោះ មានគោលការណ៍ «Tow pizza rule» មានន័យថា បើនំភីស្សាចំនួន២ មិនអាចចែកអ្នកប្រជុំគ្រប់គ្នាទេ គាត់មិនបើកការប្រជុំឡើយ។

បន្ថែមលើនេះទៅទៀត បើសិនជាអំឡុងការប្រជុំមួយ ដោយដោះស្រាយបញ្ហាមិនបាននោះ ហើយបន្តដល់ម៉ោង ៥ល្ងាច បេហ្សស នឹងបិទការប្រជុំនោះភ្លាម ទោះបីជាមិនទាន់ចប់ក៏ដោយ។ និយាយដោយឡែក គាត់មិនបន្តការប្រជុំក្រោយម៉ោង ៥ល្ងាចឡើយ ហើយទុកដោះស្រាយនៅថ្ងៃស្អែកវិញ។

គាត់ធ្លាប់និយាយនៅក្នុងកម្មវិធីជួបជុំក្លឹបអ្នកសេដ្ឋកិច្ច រដ្ឋវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «(ប្រជុំដល់) ម៉ោង៥ល្ងាច ខ្ញុំមិនអាចគិតអ្វីចេញទេ។ សូមទុកវាដោយឡែក ហើយដោះស្រាយនៅថ្ងៃស្អែក អំឡុងម៉ោង ១០ព្រឹកវិញ»

បើតាមការសង្កេតមើលទៅ បេហ្សស ធ្លាប់ជាថៅកែ ដែលមិនសូវមានការអធ្យាស្រ័យ និងឆាប់ខឹងយូរៗម្តង ចំពោះកូនចៅ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា គាត់បានជួលគ្រូបង្រៀនតាមខ្លួនម្នាក់ ដើម្បីណែនាំគាត់ឲ្យរៀនសង្កត់ចិត្ត។ ជាទូទៅ គាត់ជាមនុស្សមិនចិត្តទូលាយឡើយ នៅក្នុងក្រុមហ៊ុន Amazon ដែលប្រការនេះ គាត់មិនដែលធ្វើការលើកទឹកចិត្តដល់បុគ្គលិក ដូចជាការចែកចាយអាហារពេលថ្ងៃ សម្រាប់ពួកគេឡើយ។

វាមិនចម្លែកទេ លើលោកយើងនេះ តែងតែមានមនុស្សចូលចិត្តសាកមុខម្ហូបប្លែកៗជានិច្ច។ ជាមួយគ្នាននេះផងដែរ បេហ្សស ក៏ជាប្រភេទមនុស្សម្នាក់ ដែលចូលចិត្តហូបម្ហូបចម្លែកៗណាស់។ មានម្តងនោះ គាត់ត្រូវបានគេថតរូប ពេលកំពុងហូបសត្វត្រកួត។

បន្ថែមលើនេះ នៅពេលជួបប្រជុំជាមួយលោក Matt Rutledge ដែលជាស្ថាបនិកក្រុមហ៊ុន Woot, លោក បេហ្សស បានហៅម្ហូបជាច្រើនដូចជា ត្រីមឹកធំៗ, ដំឡូងបារាំង, សាច់ជ្រូកខ្វៃ, យ៉ាអួខ្ទឹមស, និងស៊ុតជាច្រើន សម្រាប់អាហារពេលព្រឹក។

បើទោះបីជាមានលុយរាប់ពាន់លានដុល្លារក៏ដោយ ក៏លោក បេហ្សស មានទម្លាប់ល្អមួយ គឺជួយធ្វើការងារផ្ទះ។ ទម្លាប់មួយដ៏ល្អបំផុត ដែលមហាសេដ្ឋី បេហ្សស តែងតែធ្វើក្រោយហូបអាហារពេលល្ងាចហើយនោះគឺ «លាងសម្អាតចានឆ្នាំង»

គេមិនទាន់ដឹងប្រាកដឡើយថា បេហ្សស មានទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ ឬអត់ទេ។ ទោះជាយ៉ាងនេះក្តី អ្នកថតរូបម្នាក់ធ្លាប់ថតបានរូបរបស់គាត់ ដោយចម្រាញ់យករូបពាក់អាវដៃខ្លី ហើយពិនិត្យឃើញថា រាងកាយរបស់គាត់មានសាច់ដុំធំៗណាស់ ប្រៀបដូចជាអ្នកហាត់ប្រាណជាប្រចាំអញ្ចឹង។

បេហ្សស គឺជាអ្នកគាំទ្រខ្សែភាពយន្តបែបវិទ្យាសាស្ត្រ។ ទោះបីជាខ្សែភាពយន្តល្បីៗទាក់ទងនឹងក្រុមហ៊ុន Amazon ដូចជា The Man in the High Castle និង Transparent ធ្លាប់ត្រូវបានផលិតឡើង ប៉ុន្តែលោកនាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ បែរជាអ្នកគាំទ្រខ្សែភាពយន្តបែបវិទ្យាសាស្ត្រទៅវិញ (Trekie)។ បេហ្សស ក៏ធ្លាប់បង្ហាញរឿងគួរឲ្យភ្ញាក់ផ្អែលផងដែរ គឺលោកដើរតួក្នុងរឿង Star Trek Beyond ដែលជាខ្សែភាពយន្តត្រូវបានផលិតឡើងកាលពីឆ្នាំ២០១៦។

បើនិយាយពីរឿងទទួលទានដំណេកវិញ បេហ្សស គេង៨ម៉ោងជារៀងរាល់យប់។ ការគេង៨ម៉ោងនេះជាអាទិភាពសម្រាប់គាត់ ហើយគាត់មានថាមពលខ្លាំង និងអារម្មណ៍ល្អ ក៏ដោយសារការគេងច្រើនម៉ោងបែបនេះដែរ៕

ជេហ្វ បេហ្សស ជាមួយភរិយា (អតីត)

រូប ជេហ្វ បេហ្សស មើលទៅមានសាច់ដុំធំៗ

ជេហ្វ បេហ្សស នៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ

ជេហ្វ បេហ្សស ពេលទៅមើលកីឡាបាល់អោប NFL