(បរទេស)៖ កំពូលបិតាបច្ចេកវិទ្យា ដែលបានចែកឋានទៅហើយ លោក Steve Jobs ត្រូវបានគេដឹងថា ជាមនុស្សដែលមានជំនាញបំផុតក្នុងការចរចា ជាពិសេសគឺការចរចាបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ហើយទទួលបានផលចំណេញទាំងសងខាង។

នៅពាក់កណ្ដាលឆ្នាំ១៩៩៥ ក្រុមហ៊ុន Apple បានប្ដឹងក្រុមហ៊ុន Microsoft ថាបានរំលោភលើសេចក្តីទុកចិត្ត ដោយ Apple បានអនុញ្ញាតឱ្យ Microsoft ប្រើប្រាស់នូវផ្នែកមួយចំនួននៃប្រព័ន្ធដំណើរការការរបស់ខ្លួន (GUI) Macintosh នៅលើ Windows 1.0 ប៉ុន្តែ Microsoft បានបន្តប្រើរហូតដល់ Windows 3.0។

ការប្ដឹងរបស់ Apple មិនទទួលបានជោគជ័យនោះទេ បើទោះបីជា Apple បានបង្ហាញភស្តុតាងជាច្រើនក្ដី។

លោក Steve Jobs ដែលទើបត្រឡប់មកដឹកនាំ Apple វិញ និងចំពេល Apple មានបញ្ហាផងនោះ លោកក៏បានគិត និងសម្រេចចិត្តទាក់ទងទៅកាន់លោក Bill Gates ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិការ Microsoft ដើម្បីចរចារឿងជម្លោះ។

គេមិនបានដឹងថា មេធំៗទាំងពីរនិយាយអ្វីខ្លះនោះទេ ប៉ុន្តែក្រោយពេលចរចា លោក Bill Gates បានឲ្យលោក Fred Anderson ប្រធានហិរញ្ញវត្ថុ ទៅជួបលោក Steve Jobs នៅផ្ទះ។

ប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន Apple បានប្រកាសប្រើកម្មវិធី Internet Explore របស់ក្រុមហ៊ុន Microsoft នៅលើម៉ាស៊ីន Macintosh ចំណែកក្រុមហ៊ុន Microsoft បានបន្តផលិតកម្មវិធី Microsoft Office សម្រាប់ម៉ាស៊ីន Macintosh។

អ្វីដែលពិសេសជាងនោះទៅទៀត Microsoft បានប្រកាសជាផ្លូវការថា ខ្លួនបានវិនិយោគទឹកប្រាក់ ១៥០លានដុល្លារអាមេរិក ដើម្បីទិញភាគហ៊ុន Apple ដែលធ្វើឲ្យភាគហ៊ុន Apple ស្ទុះឡើង៤០ភាគរយ និងបន្តឡើងថ្លៃ។

យោងតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ធាតុពិតលោក Steve Jobs បានស្នើសុំលោក Bill Gates ឲ្យប្រកាសថា Microsoft បោះទុនវិនិយោគនៅក្រុមហ៊ុន Apple ខណៈដែលការពិតនោះគ្មានការវិនិយោគពិតប្រាកដឡើយ ព្រោះវាជាគំនិតរបស់ Steve Jobs ដើម្បីធ្វើឱ្យក្រុមហ៊ុន Apple រួចផុតពីភាពក្ស័យធន។

គំនិតមួយនេះ ពិតជាទទួលបានជោគជ័យមែន ក្រោយពី Microsoft ប្រកាសវិនិយោគ មិនត្រឹមតែធ្វើឱ្យភាគហ៊ុន Apple ឡើងថ្លៃនៅទេ ម៉ាស៊ីន Macintosh របស់ Apple ក៏លក់ដាច់ច្រើន ជាពិសេសគឺមានការវិនិយោគបន្តបន្ទាប់៕