(ក្រុងអាយរេស)៖ ការប្រកួតបាល់ទាត់ នៅក្នុងប្រទេសអាហ្សង់ទីន ទំនងជានឹងត្រូវធ្វើឡើងដោយគ្មានអ្នកគាំទ្រ នៅឯពហុកីឡដ្ឋាននានាយ៉ាងហោចណាស់ រហូតដល់ដើមឆ្នាំ២០២១ខាងមុខផងដែរ។ នេះបើតាមសម្តីលោក Matias Lammens រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់អាហ្សង់ទីន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ការប្រកួតបាល់ទាត់ ត្រូវបានផ្អាកសកម្មភាព ទាំងស្រុងចាប់តាំងពីថ្ងៃទី១៧ ខែមីនាកន្លងទៅ, ៣ថ្ងៃមុនពេលលោកប្រធានាធិបតី Alberto Fernandez បានប្រកាសដាក់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរ៉ុសឆ្លង COVID-19។

កាលពីថ្ងៃទី១០ ខែសីហា រដ្ឋមន្ត្រីបានអនុញ្ញាតឲ្យកីឡាករចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ខណៈមិនទាន់មានការប្រកាសថា តើពេលណាការប្រកួតជើងឯកថ្នាក់ជាតិ នៅក្នុងប្រទេសមួយនេះនឹងចាប់ផ្តើមឡើងវិញនោះទេ។

នៅក្នុងកិច្ចសម្ភាសន៍មួយដែលចេញផ្សាយនាថ្ងៃអាទិត្យ ដោយសារព័ត៌មានក្នុងតំបន់ La Capital, លោករដ្ឋមន្ត្រីកីឡាបានលើកឡើងថា «ការប្រកួតដោយមានអ្នកគាំទ្រ, ខ្ញុំគិតថាមិនអាចកើតមានឡើងនោះទេ។ ប្រសិនបើអ្នកក្រឡេកមើល ទៅអ្វីដែលបានកើតឡើងនៅអឺរ៉ុប, ជាទីកន្លែងដែលបាល់ទាត់បានចាប់ផ្តើមឡើងវិញ អស់រយៈពេលជាង១ខែហើយ ប៉ុន្តែមិនទាន់មានការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនានោះទេ»៕