ពិតជាអស្ចារ្យ! ត្រឹមរយៈពេល ១០ខែ លោក Flick ដឹកនាំក្រុម Bayern Munich ឈ្នះពាន ៣ផ្សេងគ្នា

(ម៉ូនិច)៖ លោក Hans Dieter-Flick អ្នកចាត់ការទូទៅក្រុម Bayern Munich បានចំណាយពេលតែ ១០ខែប៉ុណ្ណោះនៃរដូវកាលឆ្នាំ២០១៩-២០២០ ក្នុងការដឹកនាំ​ក្រុមខ្លាំងស្ថិតក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ឈ្នះពានរង្វាន់ដល់ទៅ ៣ផ្សេងគ្នាចាប់តាំងពីបានចូលមក​កាន់តំណែងជាគ្រូបង្វឹក​ពេញសិទ្ធិកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ជំនួសកន្លែងលោក Niko Kovac ដែលត្រូវបានបណ្តេញចេញ។

បុរសវ័យ ៥៥ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Flick ដំបូងឡើយបានចូលរួមជាមួយ Bayern Munich ក្នុងតំណែងជំនួយការរបស់អតីតអ្នកចាត់ការលោក Kovac ក្នុងឆ្នាំ២០១៩ ហើយក៏ត្រូវបានដំឡើងតួនាទីមកជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយលោកបានដឹកនាំក្រុមប្រកួតឈ្នះ Olympiacos របស់ក្រិកក្នុងលទ្ធផល ២-០ នៅ UCL វគ្គចែកពូល។ ដោយឃើញពីភាពអស្ចារ្យនេះ ក្លិបក៏បានប្រកាសកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ថាលោក Flick នឹងត្រូវបន្តដឹកនាំក្រុមរហូតដល់ចប់រដូវកាល។

ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ លោកបានដឹកនាំក្រុមខ្លារខិននេះឈ្នះពានរង្វាន់ដល់ទៅ ៣ផ្សេងគ្នា ក្នុងនោះឈ្នះពានក្នុងក្របខណ្ឌលីគអាល្លឺម៉ង់ Bundesliga និងពានលំដាប់ទី២ DFB Pokal មុនឈានដល់ឈ្នះពានទី៣ UEFA Champions League ក្នុងអាជីពជាអ្នកចាត់ការទូទៅក្លិបដែលមានរយៈពេលមិនដល់ ១ឆ្នាំផង។

លោក Flick បានដឹកនាំ Bayern Munich ចំនួន ៣៦ប្រកួត ឈ្នះ ៣៣លើក ស្មើ ១លើក និងចាញ់ ២លើកប៉ុណ្ណោះ ខណៈកាលពីខែមេសា ឆ្នាំ២០២០ លោកបានធ្វើកិច្ចព្រមព្រៀមបន្តដឹកនាំក្រុមនេះរហូតដល់ឆ្នាំ២០២៣៕