(បរទេស)៖ «ខាមីខាស (Kamikaze)» គឺជាក្រុមអាកាសយានិកជប៉ុន ដែលប្តេជ្ញាពលីជីវិតជូនព្រះចៅអធិរាជជប៉ុន តាមរយៈការបញ្ជាយន្តហោះទៅ បំបុកនាវារបស់សហរដ្ឋអាមេរិក កាលពីអំឡុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីពីរ នៅឯខាងតំបន់ប៉ាស៉ីហ្វិក។

ពាក្យ Kamikaze នេះ មានន័យថា «ព្យុះព្រះអាទិទេព»។ វាសំដៅលើព្យុះទីហ្វុង ដែលបានធ្វើឲ្យក្បួនសំពៅរបស់ពួកម៉ុងហ្គោល ដែលឈ្លានពានជប៉ុនកាលពីសតវត្សរ៍ទី១៣ បែកខ្ចាត់ខ្ចាយ។ ដោយឡែក ក្រុមអាកាសយានិក Kamikaze កាលពីសម័យសង្រ្គាមលោកលើកទីពីរ គឺប្រៀបបីដូចជាក្រុមជនបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងដូច្នោះ។ ដោយផ្ទុយពីការវាយប្រហារតាមលក្ខណៈធម្មតាៗ គឺការបាញ់មីស៉ីលរត់ក្រោមទឹកឬទម្លាក់គ្រាប់បែក ដែលធ្វើឡើងពីចម្ងាយ យន្តហោះ Kamikaze ត្រូវបានពីឡុតជប៉ុនបញ្ជាទៅបំបុកបំផ្ទុះនាវាសត្រូវផ្ទាល់តែម្តង។

ការវាយប្រហារ Kamikaze តែប្រមាណជិត២០ភាគរយប៉ុណ្ណោះ ដែលសម្រេចបានជោគជ័យ ខណៈ៨០ភាគរយទៀត គឺត្រូវបានបាញ់ធ្លាក់ ចូលក្នុងសមុទ្រខុសគោលដៅទាំងអស់។ វត្ថុបំណងនៃការបំផ្លាញកងនាវារបស់សត្រូវឲ្យបានច្រើន ជាពិសេសពួកនាវាដឹកយន្តហោះចម្បាំង ត្រូវបានព្រះចៅអធិរាជជប៉ុនចាត់ទុកជា ហេតុផលសមរម្យមួយ សម្រាប់ការពលីជីវិតអាកាសយានិក និងការលះបង់យន្តហោះបែបនេះ។ ក្រុមអាកាសយានិក Kamikaze យ៉ាងតិចជិត៤,០០០នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត ខណៈការវាយប្រហារលក្ខណៈនេះ បានសម្លាប់នាវិកច្រើនជាង៧,០០០នាក់។

ការប្រើយុទ្ធសាស្រ្ត Kamikaze បានចាប់ផ្តើមឡើងដំបូងនៅខែតុលា ឆ្នាំ១៩៤៤ បន្ទាប់ពីជប៉ុនបានទទួលរងបរាជ័យធំៗជាច្រើននៅប៉ាស៉ីហ្វិក។ ជប៉ុនបានបាត់បង់អានុភាពនៅលើដែនអាកាស តាំងតែពីពេលដែលយន្តហោះខ្លួនបានចាប់ផ្តើមហួសសម័យ ហើយបាត់បង់អាកាសយានិក ដែលមានបទពិសោធន៍ រហ័សជាងការបង្វឹកអាកាសយានិកថ្មីៗដើម្បីយកមកជំនួស។

សមត្ថភាពធ្វើសង្រ្គាម និងវិស័យឧស្សាហកម្មរបស់ជប៉ុន ក៏បានធ្លាក់ចុះខ្លាំងផងដែរ ធៀបជាមួយគូបដិបក្ខរបស់ខ្លួន។ ដោយសារតែកត្តាទាំងអស់នេះ បូករួមជាមួយឆន្ទៈមិនព្រមប្រកាសចុះចាញ់សង្រ្គាមរបស់ជប៉ុន ទើបបណ្តាលឲ្យមានការប្រើប្រាស់យុទ្ធសាស្រ្ត Kamikaze ស្របពេលអាមេរិកកាន់តែវាទីមករកដែនដីជប៉ុន។

គួរជម្រាបថា ប្រពៃណីនៃការជ្រើសរើសយកសេចក្តីស្លាប់ ជាជាងភាពបរាជ័យ ការចាប់ខ្លួន និងក្តីអាម៉ាស់ បានចាក់ឬសគល់តាំងតែពីយូរលង់ណាស់មកហើយ នៅក្នុងវប្បធម៌យោធារបស់ប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ Kamikaze មិនអាចជួយជប៉ុនបានដដែល ដោយហ្វីលីពីន ព្រមទាំងកោះអ៉ីវ៉ូជីម៉ា (Iwo Jima) និងកោះអូគីណាវ៉ា (Okinawa) ត្រូវបានធ្លាក់ទៅក្នុងដៃអាមេរិក ហើយនៅឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចាញ់សង្រ្គាម ក្រោយគ្រាប់បែកបរមាណូពីរគ្រាប់ ត្រូវបានទម្លាក់នៅទីក្រុងហីរ៉ូស៉ីម៉ា (Hiroshima) និងណាហ្គាសាគី (Nagasaki)៕