(ភ្នំពេញ)៖ ក្រុមបាល់ទាត់ TN Kandal បានយកឈ្នះក្រុម Mambo PP ដោយលទ្ធផល ៦-១ ដើម្បីធានាកៅអីកំពូលតារាងបណ្ដោះអាសន្ន តែប្រធានក្លិបពាក់កណ្ដាលអាជីពនេះអះអាងថា ឱកាសប្រជែងពាន KW Cambodia League 2020 មានសង្ឃឹមត្រឹម ៥០-៥០ ជាមួយក្រុម ISI ដង្កោសែនជ័យនៅឡើយ ដ្បិតក្រុមទាំងពីររកបាន ៣០ពិន្ទុស្មើគ្នា បន្ទាប់ពីចប់ការប្រកួតសប្ដាហ៍ទី១១។

លោក ធុល នាង ប្រធានក្លិប TN Kandal បានបង្ហាញអារម្មណ៍ស្ទើរមិនគួរឲ្យជឿ ដែលកូនក្រុមធ្វើបានល្អហួសស្មានក្នុងសប្ដាហ៍ទី១១ ក្នុងការយកឈ្នះក្រុមសម្បូរកីឡាករបរទេស Mambo PP ដល់ទៅ ៦គ្រាប់ ដើម្បីរក្សាកៅអីកំពូលតារាង។ តែនិយាយដល់ឱកាសលើកពាន លោកថា មិនទាន់សង្ឃឹមច្រើនទេ គឺ ៥០-៥០ នៅឡើយ ដោយសារក្នុងចំណោម ២ប្រកួតចុងក្រោយ ក្រុមខ្លួនត្រូវប៉ះក្រុមខ្លាំង Bayon Wanderers ១ប្រកួត។

យ៉ាងណាមិញលោកបានប្ដេជ្ញាចិត្ត នឹងខំប្រឹងពង្រឹងកូនក្រុមបន្ថែម ដើម្បីការពារកៅអីកំពូលតារាង និងឱកាសដណ្ដើមពានពាក់រង្វាន់ពាក់កណ្ដាលអាជីពនេះ បន្ទាប់ពី TN Kandal បានចូលរួមប្រកួតលើកដំបូង ក្នុងពានរង្វាន់ KW Cambodia League 2020។ លោកសង្ឃឹមកូនក្រុមនឹងខំប្រឹងដូចគ្នា ដើម្បីសម្រេចមហិច្ឆតាប្រជែងពានជាមួយក្រុម ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុស្មើគ្នា និងសល់ ២ប្រកួតក្នុងដៃដូចគ្នា។

ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ ក្នុងសប្ដាហ៍ទី១១ ផ្សេងទៀត រួមមានក្រុម ISI ដង្កោសែនជ័យ ឈ្នះក្រុមតាំងគោក ៩-០, Khmer United-A ឈ្នះក្រុម Sniper FC ៣-០ ដើម្បីពង្រឹងកៅអី Top-5 ដោយមាន ២៥ពិន្ទុស្មើក្រុម Reil PP បន្ទាប់ពី Reil PP ប្រកួតចាញ់ក្រុម Bayon Waderers ៣-១។ រីឯក្រុម Avatar នៅតែឈរលេខ៥ និងមាន ២២ពិន្ទុស្មើក្រុម Bayon Waderers ក្រោយយកឈ្នះក្រុមមហាហង្សអលស្ដារ ៤-១៕