(ប៉ារីស)៖ Thiago Silva ដែលជាប្រធានក្រុមបាល់ទាត់ Paris Saint-Germain បានប្រកាសចាកចេញពីក្លិបជាផ្លូវការហើយ បន្ទាប់ពីក្រុមជើងឯកបារាំងមួយនេះធ្វើមិនបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអាទិត្យពេលចាញ់ Bayern Munich ក្នុងលទ្ធផល ១-០។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រកីឡា Live Score។

កីឡាករសញ្ជាតិប្រេស៊ីល វ័យ ៣៥ឆ្នាំ Silva ត្រូវបានផ្សាភ្ជាប់ផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ដោយគ្មានតម្លៃខ្លួន គ្រាដែលកិច្ចសន្យាចាញ់របស់គេនៅទឹកដី Parc des Princes បានផុតកំណត់នៅបំណាច់រដូវកាលនេះទៅហើយ។

Thiago Silva បានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Paris Saint-Germain ដែលជាការបរាជ័យចុងក្រោយនៃក្របខណ្ឌ Champions League របស់ពួកគេក្រោមថ្វីជើងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ។

Silva ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ បានថ្លែងប្រាប់ព័ត៌មាន RMC Sport ថា «វាជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅទីក្រុងប៉ារីស។ ខ្ញុំសោកស្តាយណាស់។ ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានស្រឡាញ់ខ្ញុំ។ ខ្ញុំនឹងត្រឡប់មកវិញជាមួយតួនាទីមួយទៀតនៅក្នុងក្លិបនេះនៅថ្ងៃណាមួយសមស្រប»

បន្ថែមលើនេះ កីឡាករដែលកំពុងលេងឲ្យជម្រើសជាតិសាំបាប្រេស៊ីល ក៏បានបង្ហើបពីគម្រោងលេងបាល់ ៣ទៅ៤ឆ្នាំទៀតដែរ និងលេងនៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាថែមទៀតផង។

ចំណែកលោក Tuchel អ្នកចាត់ការទូទៅ PSG ក៏បានសាទរចំពោះ Silva នៅក្នុងសន្និសីទសារពត៌មាន ក្រោយការប្រកួតដែរថា «Thiago គឺជាប្រធានក្រុមរបស់ខ្ញុំ ហើយវាពិតជារីករាយដែលមានកីឡាករមានគុណភាព និងបុគ្គលិកលក្ខណៈដូចគាត់»