(មែនឆេស្ទើ)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Paul Pogba របស់បិសាចក្រហម Manchester United នឹងបើកកិច្ចពិភាក្សាលើកិច្ចសន្យាថ្មីជាមួយក្លិបនៅក្នុងអំឡុងរដូវកាលទីផ្សារដោះដូរកីឡាករ ដែលនេះត្រូវបានលោក Mino Raiola ភ្នាក់ងារកីឡាករបានឲ្យដឹងដែលត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ។

កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិបារាំង Pogba តែងតែស្ថិតក្នុងគោលដៅចាកចេញពី Man Utd បន្ទាប់ពីបាននាំយកពីក្លិបអ៉ីតាលី Juventus កាលពីឆ្នាំ២០១៦។ ការពិភាក្សាលើកិច្ចសន្យាថ្មីនឹងត្រូវធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។

លោក Raiola បានលើកឡើងថា «ខ្សែបម្រើ Pogba នឹងបន្តស្នាក់នៅជាមួយ Man Utd ដែលជាកីឡាករនាំលេងរបស់ក្លិប (Key player) ជាមួយនឹងគម្រោងដ៏អស្ចារ្យនាពេលខាងមុខ ស្របពេល Man Utd មិនមានបំណងលក់រូបគេចេញនៅរដូវក្តៅនេះទេ»

គួររំលឹកផងថា Pogab នៅសល់ពេលតិចជាង ១ឆ្នាំជាមួយក្លិប Man Utd លើកិច្ចសន្យាចាស់របស់គេនៅទឹកដី Old Trafford ដែលរូបគេបានខកខានការបង្ហាញខ្លួនមួយរយៈធំរដូវកាលមុន ដោយសារបញ្ហារបួស។ Pogba បានចូលលេងចំនួន ១០៨ប្រកួត និងរកបាន ២៥គ្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងរយៈពេល ៤ឆ្នាំមកនេះ៕