(ភ្នំពេញ)៖ បើទោះបីជាហេតុការណ៍នេះ បានកន្លងផុតទៅអស់រយៈកាលជាង៤ឆ្នាំទៅហើយក្ដី ប៉ុន្តែការស្លាប់របស់អតីតតារាចម្រៀង និងសម្ដែង ហួត សារ៉ាវឌី និងស្វាមី នៅតែក្លាយជារឿងមន្ទិលសង្ស័យដ៏រសើបមួយ សម្រាប់មហាជន ក៏ដូចជាសាច់ញាតិផ្ទាល់ ខណៈដែលថ្មីៗនេះ កូនស្រីរបស់តារាចម្រៀងរូបនេះ គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់នៅតែមិនអស់ចិត្ត និងចង់ឲ្យសមត្ថកិច្ចនៅមូលដ្ឋានផ្ទាល់នៃខេត្តព្រៃវែង បន្តសើរើស្រាវជ្រាវ វែករកមុខឃាតករពិតប្រាកដ ដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។

​កូនស្រីតារាចម្រៀង ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ បានថ្លែងប្រាប់ Fresh News Plus ថា រហូតមកដល់ពេលនេះ ​ដោយសារតែអ្នកនាង​មិនទាន់មានសំណាងណាមួយ នឹងចាប់ផ្ដើមសើរើស្រាវជ្រាវ​លើសំណុំរឿង ដែលសង្ស័យថា ជាករណីឃាតកម្មលើម្ដាយរបស់នាង ​កាលពីជាង៤ឆ្នាំមុននោះ ទើបចេះតែមិនចង់រំឭក​ និងចង់បំភ្លេចការឈឺចាប់នេះចោលឲ្យអស់។ ប៉ុន្តែបើមានឱកាសអាចឲ្យនាង មានលទ្ធភាពនៅក្នុងការបន្ត​ដំណើរ​បើកការស្រាវជ្រាវ ស៊ើបអង្កេតលើរឿងនេះឡើងវិញ នាងនឹងពិភាក្សាជាមួយស្វាមី ដើម្បីស្វះស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូនដល់វិញ្ញាណក្ខន្ធសពម្ដាយរបស់នាង។

អតីតតារាបង្ហាញម៉ូដ អ្នកនាង ជុង សារ៉ាច័ន្ទ និយាយថា «កន្លងមកបួនឆ្នាំហើយ​ ដែលខ្ញុំមិនសូវចង់រំឭក​ និង​សើរើ​ ដោយសារចង់បំភ្លេច​ និង​មិនចង់នឹកឃើញការឈឺចាប់។ វាហាក់បីដូចជាធម្មតា​ តែបើសិនជាខ្ញុំមានបុណ្យ ខ្ញុំអាចមានសមត្ថភាព​ ខ្ញុំនឹងស្រាវជ្រាវ ចង់ដឹងការពិតពីរឿងនេះ»

អ្នកនាងបន្តថា «ជនល្មើសវាអាចនឹងទទួលកម្មហើយផងក៏មិនដឹង​ ព្រោះមនុស្សដែលធ្លាប់ខុស​ ចាប់មិនបាន​ វានៅតែបន្តខុស​ បើគិតតាមផលកម្ម។ ពេលខ្លះដោយសារការគិតបែបនេះទើបខ្ញុំ​ បន្ធូរចិត្តបានច្រើន»

សូមបញ្ជាក់ថា តារាសម្តែង ហួត សារ៉ាវឌី និងស្វាមី ត្រូវបានគេសង្ស័យថា ត្រូវឃាតករវាយសម្លាប់គួរឲ្យអនិច្ចា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ​នៅតាមដងផ្លូវជាតិលេខ១ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក (ចំណុចកអណ្ដើក) ពេលនាង និងប្ដីចេញទៅស្រុកកំណើត នៅខេត្តព្រៃវែង​​។ ប្រភពបានដាក់ការសង្ស័យថា នេះជាករណីរំលោភសម្លាប់ ព្រោះសពតារា​ ហួត សារ៉ាវឌី គ្មានសម្លៀកបំពាក់ត្រឹមចង្កេះចុះក្រោម។

ជាងនេះទៀត អំឡុងពេលកើតហេតុ និងមុនពេលស្លាប់ អ្នកនាង ហួត សារ៉ាវី បានទូរសព្ទ័ប្រាប់សាច់ញាតិម្នាក់ថា ឲ្យជួយនាងផង ព្រោះមានមនុស្ស៥នាក់កំពុងធ្វើបាបនាង និងប្តី។ ប៉ុន្តែក្រោយកើតហេតុដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែង អះអាងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍៕