(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ នៃក្លិបវិសាខា បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្ដែត្រូវជួបគូប្រជែងចាស់ ដែលក្រុមទាំងពីរ ធ្លាប់បរាជ័យកាលពីជុំទី៣ គឺក្រុមនគររាជអែហ្វស៊ី និងក្រុម U18 ភ្នំពេញក្រោន ដែលឡើងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា ។

មុនឡើងវគ្គផ្ដាច់ព្រ័ត្រ U15 វិសាខា បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ដោយលទ្ធផល ២ជើង ៨-២ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតជើងទី២ ម្សិលមិញ ពួកគេបានយកឈ្នះក្រៅដី ៥-១ ។ ឯក្រុមយុវជននគររាជ បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ទាំង ២ជើង ក្នុងលទ្ធផល ៥-១ បន្ទាប់ពីពួកគេបន្ដយកឈ្នះ ៣-១ ក្នុងជើងទី២ នៅទីលានសាលាបាល់ទាត់ជាតិបាទី ។

ដោយឡែកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន U18 ក្រុមយុវជនវិសាខា បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ដោយលទ្ធផល ២ជើង ៥-១ បន្ទាប់ពីបន្ដយកឈ្នះ ១-០ ក្នុងជំនួបកាត់សេចក្ដីជើងទី២ ក្រៅដី ។ ចំណែកក្រុម U18 ភ្នំពេញក្រោន បានលត់ក្រុមសាលាតម្រង់ទិសខេត្តក្រចេះ យ៉ាងចាស់ដៃ ១០-១ ក្នុងជំនួប ២ជើង ក្រោយពួកគេបន្ដយកឈ្នះ ៥-១ ក្រៅដី នៅជើងទី២ នៅទឹកដីខេត្តក្រចេះម្សិលមិញ ។

តាមរយៈជ័យជម្នះខាងលើ នាំឲ្យក្រុម U15 វិសាខា និងក្រុមនគររាជ ត្រូវប៉ះគ្នាជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ ដ្បិតកាលពីជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ យុវជនវិសាខា បានចាញ់យុវជននគររាជ ២-១ ។ ចំណែកក្រុម U18 វិសាខា ក៏ត្រូវជួបក្រុម U18 ភ្នំពេញក្រោន ជាថ្មីដែរ គ្រាដែលកាលពីជុំទី៣ វិសាខា បានចាញ់ភ្នំពេញក្រោន ១-០ នៅកីឡដ្ឋាន Smart RSN ។ ដូច្នេះចាំមើល តើក្រុមណានឹងក្លាយជាម្ចាស់ពានយុវជនទាំងពីរកម្រិត?

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខាងមុខ នៅទីលានសាលាតម្រង់ទិស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕