(មូស្គូ)៖ ប្រទេស រុស្ស៉ី បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២០ ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ ក្រុមហ៊ុនចិន Huawei Technologies Co ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ប្រទេសរុស្ស៉ី។

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលរុស្ស៉ីបាននិងកំពុងតែព្យាយាមបង្កើត បច្ចេកវិទ្យា 5G ហើយ ដើម្បីឱ្យការបង្កើតបច្ចេកវិទ្យាមួយនេះបានលឿន រដ្ឋាភិបាលក្រុងមូស្គូ ក៏បានសម្រេចចិត្តសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ខណៈដែលក្រុមហ៊ុនមួយនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្ម និងឈប់ប្រើបច្ចេកវិទ្យា 5G ដោយ សារតែបញ្ហាព្រួបារម្ភលើផ្នែកសន្តិសុខជាតិ។

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថា នៅពេលនេះរដ្ឋាភិបាលនៃប្រទេសទាំងបាន រួមទាំង ក្រុមហ៊ុន Huawei កំពុងតែឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងការបង្កើតបច្ចេកវិទ្យា 5G ដើម្បីប្រើប្រាស់ និងផ្គត់ផ្គង់នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ផងដែរថា លោកដូណាល់ ត្រាំបានចុះហត្ថលេខាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែមុននេះ ហើយបានអំពាវនាវឱ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តឈប់ប្រើ 5G របស់ក្រុមហ៊ុន Huawei ដូចគ្នា ដោយលើកហេតុផងថា បច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុនចិនមួយនេះអាចបង្កហានិភ័យដល់សន្តិសុខជាតិ៕