(ភ្នំពេញ)៖ បេក្ខភាពប្រជែងតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ៦ក្រុមកំពូលតារាង(Top-6) បានរកឃើញហើយ ខណៈក្រុមអង្គរថាយហ្គឺរ បានត្រឹមខកចិត្ត បន្ទាប់ពីក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ ក្នុងជំនួបបញ្ចប់ជើងទី១ នៅថ្ងៃអាទិត្យ​ទី២៣​ខែសីហានេះ នៅកីឡដ្ឋានស្ដាតចាស់។

ការប្រកួតកាត់សេចក្ដីរកបេក្ខភាពកូនពៅឡើងវគ្គ Top-6 នៅជើងទី២ ទ័ពធ្វើបានយ៉ាងល្អ ដើម្បីធានាកៅអីវគ្គបន្ដ។ ចំពោះគ្រាប់បាល់បញ្ចប់ក្ដីសង្ឃឹមក្រុមអង្គរថាយហ្គឺរ គឺធ្វើបានសម្រេចដោយកីឡាករ ណារ៉ុង កក្កដា ២គ្រាប់ និងកីឡាករ R.Romario ២គ្រាប់។

ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមលោក ទេព ឡុងរចនា ហក់ទៅឈរលេខ៤​និងមាន ២៣ពិន្ទុ ស្មើក្រុមវិសាខា តែលើក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏ ដែលឈរលេខ៥ និងលេខ៦ ដោយមាន ២២ពិន្ទុស្មើគ្នា។ រីឯអង្គរថាយហ្គឺរ បានត្រឹមសោកស្ដាយ ដែលរកបានត្រឹម ២១ពិន្ទុ ឈរលេខរៀងទី៧ ក្រោយយកឈ្នះក្រុមនគរបាលជាតិ ៤-២។

ដូច្នេះបេក្ខភាពវគ្គ ៦ក្រុមកំពូលតារាង ដែលមានឱកាសប្រជែងតំណែងជើងឯក រួមមានក្រុមបឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏ ដែលគ្រោងចាប់ផ្ដើមប្រកួតវគ្គ Top-6 នាពេលឆាប់ៗខាងមុខ៕