(ពិភពលោក)៖ លោក គ្រីស្តុប កូឡុមប៍ (Christopher Columbus) គឺជាអ្នកផ្សងព្រេងជនជាតិអ៉ីតាលី ដ៏ល្បីល្បាញមួយរូប ដែលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដោយជោគជ័យចំនួន ៤លើក កាលពីអតីតកាល។ កើតនៅឆ្នាំ១៤៥១ និងស្លាប់ទៅវិញនៅឆ្នាំ១៥០៦ អ្នកផ្សងព្រេងរូបនេះ គឺជាអ្នកត្រួសត្រាយផ្លូវឲ្យមានសម័យកាលមួយឈ្មោះថា «យុគសម័យនៃការរុករក» និងបង្កើតផ្លូវឲ្យគេស្គាល់ទ្វីបថ្មីៗ ផ្សេងទៀតផងដែរ។

មានរឿងជាច្រើនដែលពាក់ព័ន្ធនឹង កូឡុមប៍ ត្រូវបានគេដឹង និងលឺពេញសកលលោក ប៉ុន្តែមានរឿងខ្លះទៀត មិនត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាញពីគាត់ទេ។ តើរឿងអ្វីខ្លះ ដែលយើងមិនបានដឹងពីលោក កូឡុមប៍?

Fresh News Plus សូមដកស្រង់ចំណុចពិត ៥យ៉ាង ដែលមិនគួរឲ្យជឿរបស់អ្នកផ្សងព្រេងរូបនេះដូចតទៅ៖

* ១៖ «គ្រីស្តុប កូឡុមប៍» មិនមែនជាឈ្មោះពិតរបស់គាត់ឡើយ

បើទោះបីជាកូឡុមប៍ ជាមនុស្សរបស់ប្រវត្តិសាស្ត្រយ៉ាងលេចធ្លោ ដែលគេស្គាល់ជុំវិញពិភពលោក និងត្រូវបានគេតែងតែកត់ត្រាទុក ពីរឿងរ៉ាវគាត់អស់ជាច្រើនសត្សវត្សរ៍ក៏ដោយ នៅតែមានរឿងខ្លះរបស់គាត់ ស្ថិតនៅក្នុងភាពអាថ៌កំបាំងដដែល។ ទន្ទឹមនឹងនេះ បើទោះបីជាមានបញ្ញាវ័នជាច្រើនឯកភាពថា គាត់កើតនៅក្នុងទីក្រុង Genoa ដែលជាផ្នែកមួយ នៃប្រទេសអ៉ីតាលីក្តី នៅមានទស្សនៈជាច្រើនទៀតថា គាត់អាចមានដើមកំណើត នៅក្នុងប្រទេសអេស៉្បាញ ឬក៏ប៉ូឡូញ ឬក៏ក្រិចទៅវិញ។

នៅអ៉ីតាលី កូឡុមប៍ ត្រូវបានគេស្គាល់ថា គ្រីស្តូហ្វូរ៉ូ កូឡុមបូ (Cristoforo Colombo) ដែលជាឈ្មោះដើមរបស់គាត់ ហើយនៅអេស្ប៉ាញវិញ គាត់មានឈ្មោះថា គ្រីស្តូបាល់ កូឡុន (Cristóbal Colón)។ ប៉ុន្តែ មានឈ្មោះជាច្រើនទៀត ដែលគេហៅគាត់នោះគឺ គ្រីស្តូល (Christoual), គ្រីស្តូវាំម (Christovam), គ្រីស្តូហ្វឺរ៉ុស ដឺកូឡុមបូ (Christofferus de Colombo), និង ស្ពូល ដឺកូឡុន (Xpoual de Colón) ជាដើម។ បន្ថែមលើនេះ មានទស្សនៈមួយទៀតថា គាត់ប្រើឈ្មោះ ក្នុងនាមជាចោរសមុទ្រថា កូឡុមបូ (Colombo) ទៀតផង។

* ២៖ សំពៅទាំងអស់ដែលគាត់បើកបរនោះជាឈ្មោះក្លែងក្លាយ

បើគេសួរទៅកាន់សិស្សក្មេងៗ នៅសហរដ្ឋអាមេរិក ពួកគេនឹងឆ្លើយថា សំពៅទាំងអស់របស់កូឡុមប៍ ត្រូវបានដាក់ឈ្មោះថា នីញ៉ា (Niña), ពីនតា (Pinta), និងសាន់តា ម៉ារីយ៉ា (Santa Maria) ជាដើម។ លើសពីនេះ យ៉ាងហោចណាស់មានសំពៅ ២ទៀត ត្រូវបានគេដាក់ឈ្មោះមិនពិត ឬប្រើតែឈ្មោះហៅក្រៅប៉ុណ្ណោះ។

នៅសម័យកាលកូឡុមប៍ វាជាប្រពៃណីទៅហើយ សម្រាប់ប្រទេសអេស្ប៉ាញ ដែលត្រូវតែដាក់ឈ្មោះឲ្យសំពៅ និងហៅឈ្មោះក្រៅ ឲ្យពួកវាជំនួសឈ្មោះដើមវិញ។ ឡា នីញ៉ា (La Niña) ទំនងជាឈ្មោះ សម្រាប់ហៅក្រៅឲ្យសំពៅ ដែលមានឈ្មោះ សាន់តា ក្លារ៉ា (Santa Clara)។

* ៣៖ កូឡុមប៍ ធ្វើដំណើរផ្សងព្រេង៤ដងទៅកាន់ពិភពលោក

នៅក្នុងឆ្នាំ១៤៩២ កូឡុមប៍ បានធ្វើដំណើរតាមផ្លូវទឹក ទៅកាន់សមុទ្រខៀវ ។ គាត់ក៏បានផ្សងព្រេងបន្ថែមទៀត នៅក្នុងឆ្នាំ១៤៩៣, ១៤៩៨, និង ១៥០២។

ទោះបីជាមនុស្សជាច្រើនអាចដឹងថា កូឡុមប៍ ធ្លាប់ដោតទង់ជាតិនៅលើពាក់កណ្តាលរដ្ឋហ្លរីដា ក្នុងទឹកដីសហរដ្ឋអាមេរិកក៏ដោយ តាមពិតគាត់គ្រាន់តែរកឃើញ ផ្នែកតូចមួយក្នុងតំបន់ ការីប៊ីន តែប៉ុណ្ណោះ(Caribbean) ដែលតំបន់នេះ រួមបញ្ចូលទាំង បាហាម៉ា (Bahamas), គុយបា (Cuba), និងចាម៉ៃកា (Jamaica) និងផ្នែកខ្លះទៀត នៃភាគកណ្តាលអាមេរិក។

* ៤៖ ក្រោយស្លាប់គេយកធាតុគាត់ទៅគ្រប់កន្លែងដែលគាត់ធ្លាប់ទៅកាលនៅរស់

ក្រោយកូឡុមប៍ ស្លាប់ទៅក្នុងឆ្នាំ១៥០៦ សពរបស់គាត់ត្រូវបានបូជានៅក្នុងទីក្រុង វ៉ាឡាដូលីដ (Valladolid) ប្រទេសអេស្ប៉ាញ។ ៣ឆ្នាំក្រោយមក ទើបធាតុរបស់លោក ត្រូវបានយកទៅដាក់ ជាមួយកន្លែងបញ្ចុះសពគ្រួសារលោក នៅឯទីក្រុង សឺវីយ៉ា (Sevilla)។ នៅក្នុងឆ្នាំ១៥៤២ ដោយអនុលោមតាមសំណើកូនប្រុសរបស់ខ្លួន ឈ្មោះ ដីយ៉េហ្គោ (Diego) ធាតុរបស់កូឡូមប៍ ត្រូវបានផ្ទេរទៅតំបន់ សាន់តូ ដូមីនហ្គោ (Santo Domingo) លើកោះ ហ៉ីស្ប៉ានីយ៉ូឡា (Hispaniola) ហើយបច្ចុប្បន្នជាសាធារណរដ្ឋ នៃប្រទេសដូមីនីខេន (Dominican)។

គួរកត់សម្គាល់ថា Hispaniola ត្រូវបានផ្តល់ឲ្យបារាំងគ្រប់គ្រង ដោយអេស្ប៉ាញ ហើយនៅក្នុងឆ្នាំ១៧៩៥ ឆ្អឹងរបស់កូឡុមប៍ ត្រូវបានផ្លាស់ទៅទីក្រុង ហាវ៉ាណា (Havana) ប្រទេសគុយបាវិញ។ ជាង១ឆ្នាំក្រោយមក ឆ្អឹងរបស់កូឡុមប៍ ត្រូវបានយកដាក់លើសំពៅ ហើយធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច និងត្រឡប់មកកាន់ទីក្រុង Sevilla វិញនៅឆ្នាំ១៨៩៨។

* ៥៖ កូឡុមប៍ អាចមិនមែនជាអ្នកពូកែផ្នែកគណិតវិទ្យា

ដំណើរទៅកាន់សមុទ្រជាច្រើន សុទ្ធតែជាការរៀបចំឡើង ដោយការប៉ាន់ស្មាន អំឡុងពេលដែលកូឡុមប៍ បង្កើតការផ្សងព្រេងដ៏ល្បីល្បាញរបស់លោក។ ទំហំពិតប្រាកដ នៃផែនដីយើងនេះ មិនត្រូវបានគេដឹងច្បាស់លាស់ឡើយ ហើយមានមធ្យោបាយសំខាន់ ២យ៉ាង នៃការវាស់រយៈចម្ងាញផែនដី រួមមាន របៀបដែលបង្កើតដោយអ្នកប្រាជ្ញជនជាតិក្រិច គឺលោក ប៉េសីដូនីញឹស (Poseidonius) និងរបៀបវាស់ ដែលបង្កើតដោយពួកអារ៉ាប់ អំឡុងសតវត្សទី៥-១៥។

ក្នុងការគណនាផ្ទាល់ខ្លួន កូឡុមប៍ អះអាងថា ខ្នាតវាស់ប្រវែង ដែលបានបង្កើតដោយវិធីសាស្រ្តទាំង២ គឺដូចគ្នា ដែលមិនអាចយកជាការបាន ហើយបន្តថា បើគេវាស់ពីចំណុចមួយ ទៅចំណុចមួយទៀត ដោយប្រើវិធីសាស្ត្រទាំង២ នឹងឃើញរយៈចម្ងាយខុសគ្នា។ បើតាមកូឡុមប៍ គេអាចនិយាយឲ្យងាយយល់ ការវាស់ប្រវែងដោយយកវិធីវាស់តាមពួកអារ៉ាប់ ឃើញវែងជាងការវាស់ប្រវែង ដោយយកតាមវិធីវាស់របស់ពួករ៉ូម៉ាំង ឬក្រិចនោះ។

កូឡុមប៍ បានបន្ថែមទៀតថា ការប្រើប្រាស់ទិន្នន័យខាងលើនេះ រកឃើញថា ផែនដីដូចជាងការរកឃើញបច្ចុប្បន្នដល់ទៅ ២៥ភាគរយឯណោះ ហើយគាត់ប្រាប់ទៅក្រុមគាំទ្រខ្លួនថា សំពៅដែលធ្វើពីឈើរបស់គាត់ អាចធ្វើដំណើរពីអេស្ប៉ាញទៅជប៉ុន ដោយប្រើពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ។ អ្នកសិក្សាខ្លះគិតថា កូឡុមប៍ និយាយពីការគិតចម្ងាញនេះ ខុសពីការពិតទាំងស្រុង ហើយសន្និដ្ឋានថា លោកមិនពូកែខាងគណិតវិទ្យាទេ៕